អាមេរិក ៖ ការស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី៥ ខែវិច្ឆិកា) បានបង្ហាញថា ប្រធានាធិបតី លោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ មានសំឡេងគាំទ្រតិចជាងក្រោយលោក Donald Trump ដែលជាបេក្ខភាពនាំមុខគេរបស់គណបក្សសាធារណរដ្ឋ នៅក្នុងសមរភូមិប្រកួតប្រជែងដ៏សំខាន់បំផុតចំនួន៥ ក្នុងចំណោមរដ្ឋទាំង៦ ដែលជាលទ្ធផលកើតឡើងត្រឹមតែ ១ឆ្នាំមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈដែលប្រជាជនអាមេរិកបង្ហាញការរារែក ចំពោះវ័យរបស់លោក Biden និងការមិនពេញចិត្ត ចំពោះការដោះស្រាយសេដ្ឋកិច្ចរបស់លោក។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយសារព័ត៌មាន New York Times និងមហាវិទ្យាល័យ Siena។ ការស្ទង់មតិ បានបង្ហាញថា លោក Trump ដែលជាបេក្ខភាពនាំមុខគេក្នុងការទទួលបានការតែងតាំងតំណែងប្រធានាធិបតីពីគណបក្សរបស់លោក ក្នុងឆ្នាំ២០២៤ ខណៈដែលរូបលោកស្វែងរកតួនាទីនេះជាថ្មីម្ដងទៀតនោះ មានការគាំទ្រច្រើននៅរដ្ឋ Arizona រដ្ឋ Georgia (ចចចៀ) រដ្ឋ Michigan រដ្ឋ Nevada និង Pennsylvania ហើយលោក Biden នាំមុខនៅក្នុងរដ្ឋ Wisconsin។
លោក Biden បានយកឈ្នះលោក Trump នៅក្នុងរដ្ឋទាំង៦ នេះ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ តែការស្ទង់មតិ បានបង្ហាញថា ឥឡូវនេះ លោក Trump មានប្រៀបជាង ជាមធ្យមពី ៤៨ភាគរយទៅ ៤៤ភាគរយ នៅក្នុងរដ្ឋចំនួន៦។
ទោះបីជាការស្ទង់មតិវាយតម្លៃការបោះឆ្នោតជាតិដ៏មានប្រជាប្រិយភាពនេះ បានបង្ហាញឲ្យឃើញម្ដងហើយម្ដងទៀតថា លោក Biden និងលោក Trump ស្ថិតក្នុងការប្រជែងគ្នាយ៉ាងស្វិតស្វាញនោះក៏ដោយ ក៏ការបោះឆ្នោតប្រធានាធិបតីជាធម្មតា ត្រូវបានសម្រេចដោយលទ្ធផល នៅក្នុងរដ្ឋមួយចំនួនតូច ដែលត្រូវបានគេហៅថា រដ្ឋមានលទ្ធផលមិនពិតប្រាកដ ពោលគឺជារដ្ឋដែលបេក្ខជនមានសំឡេងគាំទ្រក្នុងកម្រិតប្រហាក់ប្រហែលគ្នា។
ការស្ទង់មតិ បានបង្ហាញថា ចម្រុះជាតិសាសន៍ និងច្រើនជំនាន់របស់លោក Biden ហាក់ដូចជាមានការបែកបាក់។ ការស្ទង់មតិ ក៏បានឲ្យដឹងទៀតថា អ្នកបោះឆ្នោតអាយុក្រោម ៣០ឆ្នាំ ដែលពេញចិត្តលោក Biden ដែលមានវ័យ ៨០ឆ្នាំទៅហើយនោះ មានត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដោយការនាំមុខរបស់លោកក្នុងចំណោមអ្នកបោះឆ្នោត ដែលនិយាយភាសាអេស្ប៉ាញ គឺធ្លាក់ចុះដល់លេខ ១ខ្ទង់ ហើយការទទទួលបានការគាំទ្ររបស់លោក នៅក្នុងតំបន់ទីក្រុង គឺចំនួនស្មើពាក់កណ្តាលសំឡេងគាំទ្រ ចំពោះលោក Trump នៅតំបន់ជនបទ៕

