នេប៉ាល់ ៖ មន្ត្រីអង្គការយូនីសេហ្វ (UNICEF) នៅប្រទេសនេប៉ាល់ ឲ្យដឹងថា កុមារចំនួនប្រហែលពាក់កណ្តាល គឺស្ថិតក្នុងចំណោមអ្នករងរបួស ៥៦០នាក់ ក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំង កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក នៅភាគខាងលិចរបស់ប្រទេសនេះ។
បជ្ឈមណ្ឌលអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក និយាយថា ការរញ្ជួយដីមានកម្រិត ៥,៦រ៉ិកទ័រ។ អាជ្ញាធរនេប៉ាល់ បានវាយតម្លៃនៅកម្រិត ៦,៤រ៉ិកទ័រ។ រញ្ជួយដីបានវាយប្រហារតំបន់មួយចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ នៅភាគពាយព្យនៃរដ្ឋធានី Kathmandu។ បុគ្គលិកសង្គ្រោះបន្ទាន់ មានការពិបាកក្នុងការបញ្ជាក់ពីទំហំនៃការខូចខាត ដោយសារតែកន្លែងរញ្ជួយ ជាតំបន់ភ្នំ។
អាជ្ញាធរក្នុងតំបន់ បានប្រាប់ថា មនុស្សយ៉ាងហោចណាស់ ១៥៧នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ និងយ៉ាងហោចណាស់ ៥៦៩នាក់ផ្សេងទៀត បានរងរបួស។ មន្ត្រីរបស់អង្គការយូនីសេហ្វ បានប្រាប់បណ្ដាញសារព័ត៌មានថា មនុស្ស ២៨៤នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះ ត្រូវបានគេជឿថា ជាកុមារ៕

