
ពលរដ្ឋនៅក្នុងជំរំជនភៀសខ្លួន ដែលពោរពេញដោយតង់ និងសសរឈើបែកបាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្ទ្រីប បាននិងកំពុងទទួលរងនូវវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងដោយសារតែទឹក ស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ស្ទើរតែអស់ទៅហើយ។
ជម្លោះដ៏តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បានកាត់បន្ថយការផ្គត់ផ្គង់ថាមពល និងការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ ហ្កាហ្សា ដោយបង្ខំឱ្យអ្នកស្រុកបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដោយភាគច្រើនបានប្រមូលផ្តុំគ្នានៅតាមឆ្នេរក្នុងទីក្រុងដើម្បីរស់រានមានជីវិត។
ស្ថានភាពមិនល្អ បានបង្ខំឲ្យអ្នកស្រុកឱ្យចំអិនម្ហូបដោយប្រើអុស ហើយតម្លៃឈើសម្រាប់ចម្អិនអាហារ និងកម្ដៅ ក៏កើនឡើងខ្ពស់ផងដែរ នៅពេលដែលរដូវរងាចូលមកដល់។
ជនភៀសខ្លួនជាច្រើនបាននិយាយថា សីតុណ្ហភាពធ្លាក់ចុះ ទឹកកខ្វក់ និងកង្វះការផ្គត់ផ្គង់ថ្នាំពេទ្យ នៅទីដែលមានសភាពទ្រុឌទ្រោម ក៏បានធ្វើឱ្យមានកង្វះអាហារូបត្ថម្ភ និងការឆ្លងមេរោគក្នុងចំណោមកុមារក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងផងដែរ៕