ពោធិ៍សាត់ ៖ លោក ចេង ឡៃ អភិបាលរងខេត្តតំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សប្បុរសនានាដែលដឹកនាំដោយក្រុមហ៊ុន អឹម ស៊ី ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា និងស្ត្រីមេម៉ាយជាច្រើនគ្រួសារ មកពី ភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈអំណោយទាំងនោះ នឹងជួយសម្រាលទុក លំបាករបស់បងប្អូនបានមួយរយៈផងដែរ។
ការផ្តល់នូវអំណោយសប្បុរសធម៌នេះ គឺបានធ្វើឡើងនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅបរិវេណវត្តសាមគ្គីរតនៈសោភ័ណ្ឌ (ហៅវត្តតាកែវក្រោម) នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ថ្លែងនៅក្នុងឱកាសចុះចែកអំណោយសប្បុរសធម៌នោះ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា នាពេលកន្លងទៅក៏ដូចជា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្ត តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់គ្រប់ពេលវេលា។ ជាក់ស្តែងដូចថ្ងៃនេះគឺខាងថ្នាក់ ដឹកនាំខេត្ត ជាមួយនិងអ្នកស្រី ចោម ខ្វាន់ អគ្គនាយិការ ក្រុមហ៊ុន ( អឹម ស៊ី ) បានជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នេះ។
លោកអភិបាលរងខេត្តក៏បាន ថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ ជាស្បៀង និងថវិកាជួយដល់ជនក្រីក្រដែលកំពុងរស់នៅខេត្តពោធិ៍សាត់ ខណៈសកម្មភាពនៃការជួយនេះគឺ បញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ដ៏ធំធេងមួយ គឺខ្មែរចេះជួយខ្មែរ ក្នុងគ្រាមានទុក្ខលំបាក។
នៅក្នុងពិធីចែកអំណោយនោះដែរលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការការពារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ ហើយលោកបានបន្តប្រាប់ដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបង្ការទប់ស្កាត់រាល់បទល្មើសចោរលួច ឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដល់បងប្អូននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្គ ២០គីឡូក្រាមមី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធ ១កេះ ម៉ាស់ ១ដុំ និងថវិកា ១០ម៉ឺនរៀល។ ទន្ទឹមនឹងនោះ លោកស្រីក៏បានប្រគេនបច្ច័យចំនួន ១លានរៀល ដល់ព្រះចៅអធិការវត្ត ដើម្បីទុកប្រើប្រាស់ក្នុងទីអារាមផងដែរ៕
អត្ថបទ៖ បាន ចក់