នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃចន្ទនេះថា លោកមានសុទិដ្ឋិនិយមចំពោះជំនួបនាពេលខាងមុខរបស់លោកជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំង ។
ដំណើរទស្សនកិច្ចរបស់លោក Albaneseទៅកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចលើកដំបូងគេរបស់មេដឹកនាំអូស្រ្តាលីក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ ហើយនិងជាផ្នែកមួយនៃកិច្ចខិតខំប៉ះប៉ូវទំនាក់ទំនងដែលបានកាន់តែធ្ងន់ធ្ងរទៅ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែជម្លោះជុំវិញក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិន បញ្ហាចារកម្ម និងការរីករាលដាលឆ្លងជំងឺ COVID-19 ។
រដ្ឋាភិបាលរបស់លោក Albaneseបានព្យាយាមធ្វើឲ្យប្រសើរឡើងទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយប្រទេសដៃគូសេដ្ឋកិច្ចធំបំផុតរបស់អូស្រ្តាលីមួយនេះ ចាប់តាំងពីរូបលោកឡើងកាន់អំណាចកាលពីឆ្នាំមុន ស្របពេលដែលចិនដកចេញទណ្ឌកម្មពាណិជ្ជកម្មភាគច្រើនដែលបានដាក់អំឡុងជម្លោះការទូតឆ្នាំ ២០២០ ដែលធ្វើឲ្យខាតបង់តម្លៃទំនិញ និងការនាំចេញចំណីអាហារប្រហែល ២០ពាន់លានដុល្លារអូស្រ្តាលី ។
បើទោះបីជាអូស្រ្តាលី ងាកកាន់តែជិតទៅរកសម្ព័ន្ធមិត្តសន្តិសុខសហរដ្ឋអាមេរិក ដែលបានយល់ព្រមលក់ឲ្យទីក្រុងកាន់បេរ៉ានូវនាវាមុជទឹកដើរដោយកម្លាំងនុយក្លេអ៊ែរ ក្រោមភាពជាដៃគូបច្ចេកវិទ្យាការពារជាតិត្រីភាគី(AUKUS)ជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក ហើយនិងពង្រឹងការធ្វើសមយុទ្ធយោធាក៏ដោយ លោក Albanese បានធ្វើការសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចពិភាក្សាល្អប្រសើរជាងមុងជាមួយទីក្រុងប៉េកាំង ៕