
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា) នេះ ក្នុងទីក្រុង Ankara ដើម្បីពិភាក្សាអំពីជម្លោះ ដែលកំពុងបន្តមាន នៅតំបន់ហ្គាហ្សា ពោលគឺនៅប៉ុន្មានម៉ោង បន្ទាប់ពីមនុស្សរាប់រយនាក់ នៅកន្លែងប្រមូលផ្ដុំតវ៉ាគាំទ្រប៉ាឡេស្ទីន បានព្យាយាមសម្រុកទៅកាន់មូលដ្ឋានទ័ពអាកាស ដែលជាកន្លែងស្នាក់នៅរបស់ទាហានអាមេរិក នៅភាគខាងត្បូងប្រទេសទួរគី។
លោក Blinken បានទៅដល់ទួរគី កាលពីយប់ថ្ងៃអាទិត្យ (ទី៥ ខែវិច្ឆិកា) បន្ទាប់ពីមានដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់តំបន់ West Bank ដើម្បីជួបជាមួយមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ដែលបានចូលរួមការអំពាវនាវជាអន្តរជាតិឲ្យមានបទឈប់បាញ់ជាបន្ទាន់។
តែយ៉ាងណាក្ដី លោក Blinken បានលើកឡើងម្ដងហើយម្ដងទៀតពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ដែលថា បទឈប់បាញ់អាចផ្ដល់ភាពចំណេញឲ្យក្រុមហាម៉ាស ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ច្រានចោលចំពោះសំណើឲ្យមានបទឈប់បាញ់នោះ ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរទេនោះ។
គិតមកទល់ពេលនេះ មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រាប់ថា សង្គ្រាម បានឆក់យកជីវិតរបស់ប្រជាជនប៉ាឡេស្ទីនជាង ៩.៧៧០នាក់ហើយ បន្ទាប់ពីអណ្ដាតភ្លើងនៃសង្គ្រាមនោះ បានចាប់ផ្តើមឆាបឆេះឡើងដោយសារការវាយប្រហារបង្ហូរឈាមពីសំណាក់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល កាលពីមួយខែមុន ដែលការវាយប្រហារយ៉ាងកំរោលនោះ បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៤០នាក់៕