
មនុស្ស៥នាក់ បានរងរបួស និងសារមន្ទីរសិល្បៈដ៏សំខាន់មួយត្រូវរងខូចខាត នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើក្រុងអូដេសា (Odesa)របស់អ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។
ជញ្ជាំងអគារជាច្រើនដែលជាទីតាំងសារមន្ទីរសិល្បៈជាតិអូដេសា បានរងការខូចខាត ហើយបង្អួចនិងកញ្ចក់ មួយចំនួនក៏បានបែកផងដែរ។
សារមន្ទីរនេះ ដែលស្ថិតទីតាំងមួយក្នុងចំណោមទីតាំងចំណាស់បំផុតជាច្រើនក្នុងក្រុងអូដេសា ដែលមុនសង្រ្គាម មានដាក់តាំងវត្ថុសិល្បៈជាង១០.000ប្រភេទ ក្នុងនោះ មានផ្ទាំងគំនូរមួយចំនួនដែលគូរដោយវិចិត្រកររុស្ស៊ីដ៏ល្បីនិងវិចិត្រករអ៊ុយក្រែននៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ផងដែរ។
ក្រុមប្រឹក្សាក្រុងអូដេសា បានផ្សព្វផ្សាយវីដេអូមួយបង្ហាញពីបង្អួចប៉ើងចេញក្រៅ និងគំនរបាក់បែកនៅក្នុងបន្ទប់សារមន្ទីរ ជាមួយនឹងផ្ទាំងគំនូរជាច្រើននៅលើជញ្ជាំង។
នៅលើផ្លូវមួយជិតសារមន្ទីរ ការវាយប្រហារ បានបន្សល់ទុកប្រហោងធំមានទំហំជាច្រើនម៉ែត្រ។ យោងតាមអាជ្ញាធក្រុងបានឲ្យដឹងថា មនុស្សម្នាក់រងរបួស នៅកន្លែងកើតហេតុ និង៤នាក់ទៀតរបួសធ្ងន់ នៅក្នុងក្រុង ហើយអ្នករបួសទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕