
អ្នកស្រុករស់នៅក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន និយាយនៅថ្ងៃចន្ទនេះថា ផ្សែងពុលដែលកំពុងគ្របដណ្តប់ពីលើទីក្រុងមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ ។
យោងតាមតារាងដែលចងក្រងដោយក្រុមគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា កាលពីសប្តាហ៍មុន ទីក្រុង Lahore បានឈរនៅចំណាត់ថ្នាក់លេខ ២ជាទីក្រុងរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក ដែលធ្វើឲ្យសន្ទស្សន៍គុណភាពខ្យល់(AQI) នៅក្នុងទីក្រុងមួយនេះ ឡើងដល់កម្រិត ៣៣៥ ។ ទីក្រុងញូវដែល្លីរបស់ប្រទេសឥណ្ឌា ឈរលើកំពូលតារាងមាន AQI កម្រិត ៦៤០ ។
យោងតាមការអះអាងរបស់មន្ទីរឧតុនិយមប៉ាគីស្ថាន បានឲ្យដឹងថា កម្រិត AQI របស់ទីក្រុង Lahore ឡើងជិតដល់កម្រិត ៤០០នៅតាមទីកន្លែងជាច្រើននាថ្ងៃចន្ទនេះ ។
លោក Mohsin Naqvi គឺជាអភិបាលខេត្ត Punjab ស្តីទី ជាកន្លែងដែល Lahore គឹជាទីក្រុងធំបំផុត បានបង្គាប់ឲ្យសិស្សសាលាទាំងអស់ត្រូវពាក់ម៉ាស់ពេលទៅរៀន ហើយក្រុមនគរបាលមានការងារចាប់រថយន្តណាដែលបញ្ចេញឧស្ម័ន និងផ្សែងច្រើន ក៏ដូចជាចាប់កសិករដុតជ្រាំងស្រូវ ។
សូមបញ្ជាក់ថា កម្រិត AQI ពី ០ ដល់ ៥០ ត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតល្អ ខណៈដែលលើសពីកម្រិត ១០០ ត្រូវបានចាត់ទុកថាជាកម្រិតសុខភាពមិនល្អសម្រាប់អ្នកដែលមានបញ្ហាសួត ។ ចំណែកឯកម្រិតចន្លោះពី ៣០១ ដល់ ៥០០ ត្រូវបានគេចាត់ទុកថាជាកម្រិតគ្រោះថ្នាក់ ៕