
ប្រមុខការទូតរបស់សហរដ្ឋអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន (PA) គួរតែដើរតួនាទីសំខាន់ នៅក្នុងអនាគតនៃតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលលោក បានជួបជាមួយមេដឹកនាំអ៊ីរ៉ាក់ និងបានទស្សនកិច្ចតំបន់នេះ ចំពេលមានភាពតានតឹងកើនឡើង ជុំវិញសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស។
លោកប្ល៊ីនខិន បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែល ដើម្បីជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក មាខ្មូត អាបាស (Mahmoud Abbas) នៅទីក្រុងរ៉ាម៉ាឡាហ៍ (Ramallah) ភាគខាងលិច ហើយបន្ទាប់មកបានធ្វើដំណើរបន្តទៅកាន់ប្រទេសអ៊ីរ៉ាក់។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់តំបន់នេះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ តុលា ដោយបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់មនុស្សជាង ២៤០ នាក់ទៀត ជាចំណាប់ថ្នូរ។
លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាកដាដថា ទស្សនៈ សំឡេង និងសេចក្តីប្រាថ្នារបស់ប៉ាឡេស្ទីនត្រូវតែជា «ចំណុចសំខាន់ »នៃការសន្ទនាអំពីអនាគតនៃតំបន់ហ្កាហ្សា។
ខណៈដែលអ៊ីស្រាអែលបន្តយុទ្ធនាការវាយប្រហារតាមអាកាសដែលមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សានិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩.៧៧០ នាក់នោះ លោករដ្ឋមន្ត្រីការបរទេស ប៊្លីនខិន បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ពីមន្ត្រីអារ៉ាប់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានអំពាវនាវដល់អ៊ីស្រាអែលសម្រាប់ការផ្អាកមានកំណត់បន្ថែមទៀតចំពោះការប្រយុទ្ធមួយថ្ងៃមុននេះដោយមិនបានជោគ ជ័យ។