
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៅថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា) នេះ បាននិយាយថា រដ្ឋាភិបាលថៃបានឃើញភស្តុតាងជារូបថត ដែលបង្ហាញថា ចំណាប់ថ្នូរថៃ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា នៅមានជីវិត។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ថាវីស៊ីន បានប្រាប់ថា៖ «ខ្ញុំយល់ថា យ៉ាងហោចណាស់ ពួកគេនៅមានជីវិត។ ចំណុចដែលត្រូវគិតគូរនាពេលលបន្ទាប់របស់យើង គឺរយៈពេលដែលមានបទឈប់បាញ់បណ្ដោះអាសន្ន ឧបមាថា ត្រឹមតែរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ដែលអាចជាឱកាស ដើម្បីធ្វើការជម្លៀស (ចំណាប់ថ្នូរ)»។
តែទោះជាយ៉ាងនេះក្តី បើតាមបណ្ដាញសារព័ត៌មាន CNN បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីមិនបានបង្ហាញពីចំនួនរូបថតនោះឡើយ ហើយលោកក៏មិនបានរៀបរាប់ថា តើចំណាប់ខ្មាំងថៃទាំង ២៤នាក់ អាចត្រូវឃើញប៉ុន្មាននាក់ក្នុងរូបថតទាំងនេះ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃបានប្រាប់ថា អ៊ីរ៉ង់នឹងសម្រុះសម្រួល ដើម្បីជួយឲ្យមានការចរចាដោះលែងអ្នកចាប់ខ្លួនជនជាតិថៃ ដែលត្រូវបាននាំយកទៅធ្វើជាចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីពួកគេបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
សូមបញ្ជាក់ថា ដោយសារប្រទេសថៃជាប្រភពកម្លាំងពលកម្មក្រៅស្រុកដ៏ធំបំផុតជាងគេរបស់អ៊ីស្រាអែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ទើបក្នុងជម្លោះនេះ គេឃើញថា យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ៣២នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមួយសម្រាប់ជនបរទេស។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយរដ្ឋាភិបាលក្រុងបាងកក៕