
រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃរដ្ឋបាលប្រចាំតំបន់របស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី៦ វិច្ឆិកា) បាននិយាយថា ទីក្រុងញូវដេលី នឹងដាក់កម្រិតលើការប្រើប្រាស់យានយន្តរយៈពេលមួយសប្តាហ៍ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការបង្កកង្វក់ខ្យល់ ខណៈដែលគុណភាពខ្យល់ នៅតែស្ថិតក្នុងប្រភេទអាក្រក់ «ធ្ងន់ធ្ងរ» បើទោះជាមានកិច្ចប្រឹងប្រែងនានា ក្នុងការធ្វើឲ្យប្រសើរឡើងក៏ដោយ។
ច្បាប់នេះនឹងអនុញ្ញាតឲ្យយានជំនិះស្លាកលេខសេសបើកបរ នៅថ្ងៃសេស ហើយស្រដៀងគ្នានេះដែរ យានជំនិះ ដែលមានលេខចុះបញ្ជីដូចគ្នា នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវថ្នល់នៅថ្ងៃឆ្លាស់គ្នា។
សូមបញ្ជាក់ថា ទីក្រុងញូវដេលី តែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលមានការបង្កកង្វក់ខ្លាំងបំផុតរបស់ពិភពលោកជារៀងរាល់ឆ្នាំ មុនពេលការចាប់ផ្តើមនៃរដូវរងា ក្នុងខែវិច្ឆិកា នៅពេលដែលខ្យល់ស្ងប់ និងសីតុណ្ហភាពធ្លាក់ទាប ចាប់យកការបង្កកង្វក់ ដែលបញ្ចេញមកពីប្រភពជាច្រើន។
យោងតាមស្ថាប័នគ្រប់គ្រងការបង្កកង្វក់សហព័ន្ធ បានឲ្យដឹងថា គុណភាពខ្យល់ គឺស្ថិតក្នុងសភាព «ធ្ងន់ធ្ងរ» សម្រាប់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ក្នុងទីក្រុង នៅថ្ងៃចន្ទនេះ ដោយជំរុញឲ្យរដ្ឋបាលទីក្រុងបន្លាយពេលវេលានៃការបិទសាលាបឋមសិក្សាបន្ថែមទៀត រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា៕