
នាយករដ្ឋមន្រ្ដីប៉ាឡេស្ទីន លោកម៉ូហាម៉ាត់ ស្ដាយយេស (Mohammad Shtayyeh) មិនអាចទប់ទឹកភ្នែករបស់លោកបាន នៅក្នុងអំឡុងពេលបើកកិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្ដីក្នុងទីក្រុងរ៉ាម៉ាឡា (Ramallah) នៅថ្ងៃច័ន្ទនេះ ខណៈលោកបាននិយាយអំពីការស្លាប់កុមារក្នុងតំបន់ហ្កាហ្សា ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្កាស្រ្ទីប ។
លោកស្ដាយយេស (Shtayyeh) បាននិយាយថា ក្មេងៗ បានសរសេរឈ្មោះរបស់ពួកគេនៅលើខ្លួនរបស់ពួកគេ ដើម្បីឲ្យសពរបស់ពួកគេអាចត្រូវបានគេសំគាល់បាន ពោលគឺម្ដាយ របស់ក្មេង៣នាក់ ដែលបានកប់ក្រោមកម្ទេចថ្ម បានប្រាប់កូនៗរបស់គាត់ថា អោយម្ដាយបានឃើញមុខកូនផង ត្រង់ចំណុចនេះ លោកស្តាយយេស បានសម្រក់ទឹកភ្នែក ដោយលោកពោលពាក្យថា សូមអោយព្រលឹងរបស់ទុក្ករបុគ្គលទទួលបានសេចក្ដីមេត្ដាករុណាជានិច្ច ហើយនិងសេចក្ដីអាម៉ាស់មានលើពួកឧក្រឹដ្ឋជនជានិច្ច។
អំពើហិង្សាក្នុងតំបន់ បានកើនឡើង ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្ដើមទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ប្រមាណ ៩.៧៧០នាក់ បន្ទាប់ពីក្រុមហាម៉ាស អ៊ីស្លាមនិយម បានវាយប្រហារកាលពីថ្ងៃទី៧តុលា ដែលបានចាប់មនុស្សជាង ២៤០នាក់ ជាចំណាប់ថ្នូរ និងបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលអស់ ១.៤០០នាក់៕