ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិភាក្សាអំពីលទ្ធភាពសម្រាប់ «ការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ» ក្នុងការប្រយុទ្ធគ្នានៅតំបន់ ហ្កាហ្សា សម្រាប់ហេតុផលមនុស្សធម៌ និងការដោះលែងចំណាប់ថ្នូរ ដែលអាចធ្វើឡើង នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។

អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបន្តទំនាក់ទំនងគ្នាលើលទ្ធភាពនៃការផ្អាកសង្រ្គាមបណ្តោះអាសន្ន ហើយថាលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រមបន្តកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Kirby បាននិយាយថា ការសន្ទនាទាំងនោះបានកើតឡើងនៅពេលដែលជនជាតិអាមេរិក កាន់តែច្រើនត្រូវបានគេរំពឹងថា នឹងចាកចេញពីតំបន់ហ្កាហ្សា នៅថ្ងៃច័ន្ទ ហើយនៅពេលដែលជំនួយកាន់តែច្រើនចូលទៅក្នុងទឹកដីនោះ។ លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាអំពីស្ថានភាពនៅតំបន់វេស ប៊ែង ផងដែរ។

សេតវិមាន ដែលប្រកាន់ជំហរថា បទឈប់បាញ់ជាទូទៅនឹងមិនមែនជាជំហានដ៏សមស្របមួយសម្រាប់ជម្លោះនោះទេ បាននិងកំពុងជំរុញឱ្យមានការផ្អាករយៈពេលខ្លីៗក្នុងការវាយប្រហារ ដើម្បីសម្រេចបាននូវគោលដៅមនុស្សធម៌ជាក់លាក់៕