បាល់ទាត់៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool មានគំរោងរៀបចំការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីនៅលើទឹកដី Andfield ជួបជាមួយក្រុមជើងឯកស្កុតឡេន Glasgow Rangers ដែលដឹកនាំដោយ Steven Gerrard។
បើសិនជាពិតមែននោះ Steven Gerrard នឹងត្រលប់មកកាន់ទឹកដី Anfield ជាលើកដំបូងតែក្នុងនាមជាគូប្រកួត។ អតីតវីរបុរសរបស់ Liverpool, Steven Gerrard បានក្លាយជាអ្នកចាត់ការនិងបានដឹកនាំ Rangers លើកពានលីគកំពូលស្កុតឡេនក្រោយដឹកនាំបាន ៣រដូវកាល ដែលជាជើងឯកដំបូងផងដែរសំរាប់ Rangers ក្នុងរយៈពេល ១០ឆ្នាំ។ Steven Gerrard បានចាកចេញពី Liverpool ក្នុងនាមជាកីឡាករនៅឆ្នាំ២០១៥ ផ្ទេរទៅលេងអោយ LA Galaxy បានមួយរដូវកាលរួចក៏ចូលនិវត្តន៍។
ដោយសារវិបត្តិ Covid-19, Liverpool មិនមានគំរោងរៀបចំការប្រកួតមិត្តភាព Pre-Season នៅក្រៅប្រទេសឡើយ ដោយមានតែគំរោងបោះជំរំហ្វឹកហាត់នៅបារាំង និងអូទ្រីស បូករួមជាមួយនឹងការប្រកួតមិត្តភាពជាមួយ Rangers ដែលស្ថិតក្នុងទឹកដីចក្រភពអង់គ្លេសជាមួយគ្នានៅខែកក្កដាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ