កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) ប្រទេសរុស្ស៊ី បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ហើយបាននិយាយថា ការបន្តការចរចារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺជារឿងចាំបាច់ដើម្បីជៀសវាងហានិភ័យនៃសង្រ្គាមកាន់តែទូលំទូលាយ និងការកើនឡើងនៃ «សកម្មភាពភេរវកម្ម»។

ប្រទេសរុស្ស៊ី ដែលមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ ក្រុមហាម៉ាស និងបណ្ដាមហាអំណាចអារ៉ាប់ ក៏ដូចជាជាមួយប៉ាឡេស្ទីន និងជាមួយអ៊ីស្រាអែល ផងនោះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងលោកខាងលិចម្តងហើយម្តងទៀតថា មិនអើពើនឹងតម្រូវការសម្រាប់រដ្ឋឯករាជ្យប៉ាឡេស្ទីន នៅក្នុងអំឡុងឆ្នាំ១៩៦៧។

ប្រទេសរុស្ស៊ី ដែលកាលពីខែមុនបានធ្វើឱ្យអ៊ីស្រាអែល ខឹងសម្បារដោយការអញ្ជើញគណៈប្រតិភូពីក្រុមហាម៉ាស ទៅកាន់ទីក្រុងមូស្គូ បាននិយាយថា ការរួបរួមរបស់ប៉ាឡេស្ទីន មានសារៈសំខាន់ណាស់នៅលើមូលដ្ឋាននៃអង្គការរំដោះប៉ាឡេស្ទីន ដែលដឹកនាំដោយលោក Mahmoud Abbas ។

រុស្ស៊ីបានបន្ថែមទៀតថា បណ្ដាមហាអំណាចពិភពលោក គួរតែព្យាយាមរារាំងការតាំងទីលំនៅនៃតំបន់ វេស ប៊ែង ក៏ដូចជាការជាន់ឈ្លីបណ្ដាទីតាំងវិសិដ្ឋរបស់ទីក្រុងហ្សេរុយសាឡឹម ផងដែរ៕