ភ្នំពេញ ៖ កម្ពុជានាំទំនិញទៅកាន់សហរដ្ឋអាមេរិក បន្តកើនឡើងនៅក្នុងរយៈពេលបួនខែដើមនៅឆ្នាំ២០២១ ទោះបីកំពុងប្រឈម នឹងវិបត្តិកូវីដ-១៩។
តួលេខពាណិជ្ជកម្មរបស់ ការិយាល័យស្ថិតិអាមេរិក បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ កម្ពុជានាំទំនិញចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោក មានទឹកប្រាក់សរុប ២ ៥១៩ លានដុល្លារ កើនឡើង ២៤,៤ ភាគរយ។
ទន្ទឹមគ្នានេះការនាំទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជា មានតម្លៃ ១៣៥ លានដុល្លារ កើនឡើង ៣៥,៧ ភាគរយ។ ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ-កាបូប ចំណែកទំនិញដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិក មានរថយន្ត ចំណីសត្វ និងគ្រឿងចក្រ ។ល។
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការនាំចេញទំនិញមិនមែនផលិតផលកាត់ដេរ បានកើនឡើង ក្នុងឆ្នាំ២០២០ ខណៈការនាំចេញផលិតផលកាត់ដេរធ្លាក់ចុះ។ ទំនិញមិនមែនផលិតផលកាត់ដេរ មានដូចជា៖ កង់ គ្រឿងសង្ហារឹម និងគ្រឿងដង្គុំអេឡិចត្រូនិកជាដើម។
ឆ្នាំ២០២០ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃសរុប ៦ ៩២១ លានដុល្លារ មានកំណើន ១៧,៨ភាគរយ ធៀបនឹងឆ្នាំ២០១៩៕
អត្ថបទ ៖ វណ្ណៈ


