ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ខណៈពួកគេកំពុងដេកលង់លក់នៅក្នុងទីក្រុងមួយនៅភាគខាងលិចប្រទេសកាមេរូន កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ (០៦ វិច្ឆិកា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់។

អ្នកស្រុកបាននិយាយថា ពួកគេសង្ស័យថា ការវាយប្រហារនេះគឺចង់រំខានដល់ការប្រារព្ធពិធីរំលឹកខួបលើកទី៤១ នៃក្លាយជាប្រធានាធិបតីប្រទេសកាមេរូន របស់លោក Paul Biya ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង ម៉ាមហ្វេ (Mamfe) និងមជ្ឈមណ្ឌលផ្សេងៗទៀតនៅថ្ងៃចន្ទ។

ក្រុមផ្ដាច់ខ្លួនជាច្រើននៅក្នុងតំបន់ជនជាតិភាគតិចនិយាយភាសាអង់គ្លេស នៃប្រទេសកាមេរូន បានប្រយុទ្ធគ្នាដើម្បីបំបែករដ្ឋឯករាជ្យមួយឈ្មោះថា អាំបាហ្សូនីយ៉ា (Ambazonia) ចាប់តាំងពីឆ្នាំ២០១៧ មក។
ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារ ចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេសអាហ្វ្រិក ដែលមានប្រជាជនភាគច្រើននិយាយភាសាបារាំង មួយនេះ។ ពុំមានក្រុមប្រដាប់អាវុធណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារកាលពីថ្ងៃចន្ទនេះនោះទេ៕