ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ នឹងរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MOU) ជាមួយតំណាងវិស័យឯកជនចំនួន ១៨សមាគម ដើម្បីឱ្យសិក្ខាកាម និងសិស្ស ដែលរៀនជំនាញវិជ្ជាជីវៈនានា បានទៅហាត់ការ និងធ្វើកម្មសិក្សា។ បន្ថែមពីនេះទៀត ដើម្បីលើកកម្ពស់ដល់ការបណ្តុះបណ្តាលជំនាញកាន់តែមានប្រសិទ្ធិភាពខ្ពស់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ ថ្លែងក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣នេះថា តំណាងវិស័យឯកជនចំនួន ១៨ សមាគម ដែលក្រសួងការងារនឹងត្រូវចុះអនុស្សរណៈយោគយល់ (MOU) មានដូចជា សភាពាណិជ្ជកម្ម , សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) , សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ,សមាគមអ្នកសាសង់កម្ពុជា , សមាគមទេសចរណ៍ , សហព័ន្ធចុងភៅកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជាដើម ដើម្បីសមាគមទាំងអស់នេះ ជំរុញដល់សមាជិករបស់ខ្លួនផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។
ឯកឧត្តមថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីធានាថា សិស្សមិនត្រឹមតែអាចអនុវត្តនូវរោងជាងនៅសាលានោះទេ ប៉ុន្តែអាចអនុវត្តជាក់ស្តែង និងធ្វើការជាក់ស្តែងនៅវិស័យឯកជនតែម្តង ដែលនឹងផ្តល់ឲ្យវិស័យឯកជននូវឱកាស ដើម្បីពិនិត្យជ្រើសរើស ដែលបងប្អូនជាសិស្សទាំងអស់នោះអាចចូលធ្វើការនៅក្រោយចប់វគ្គតែម្តង។
ឯកឧត្តមរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្រសួងក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលដែលមានភាពបត់បែនដល់យុវជន ១,៥ លាននាក់ក្នុងនោះនឹងមានវេនយប់ និងវេនចុងសប្តាហ៍ ដែលអាចផ្តល់ជំរើស សម្រាប់បងប្អូនដែលកំពុងធ្វើការពេលបច្ចុប្បន្ននេះ អាចធ្វើការបណ្តើរ និងអាចចូលរៀនបណ្តើរផងដែរ។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១,៥ លាននាក់ ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។ កម្មវិធីនេះដែរយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ។ សម្រាប់មុខជំនាញដែលនឹងត្រូវផ្តល់ជូន មានចំនួនជាង៦០ ជំនាញ ក្នុងវិស័យដូចជា៖ សំណង់ , អគ្គីសនី អេឡិចត្រូនិច កម្មន្តសាល មេកានិច កសិកម្ម និងកសិ ឧស្សាហកម្ម ជួសជុលរថយន្ត តំឡើងប្រព័ន្ធទឹក ។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី
