ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានបញ្ជាក់ថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមពីកម្ពុជាដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ក៏ដូចជា ពង្រីកទំនាក់ទំនងទ្វេភាគី។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមិថុនា នៅទីក្រុងឆុងឈឹងនៃប្រទេសចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្រៅពីការគាំទ្ររបស់ចិនដល់ការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។
ការបញ្ជាក់របស់ប្រទេសចិន គឺបន្ទាប់ពីកម្ពុជាបាននាំចេញផ្លែស្វាយស្រស់លើកដំបូងទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់កាលខែឧសភា។
ឯកឧត្តម វេង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្មីៗនេះថា បន្ទាប់ពីផ្លែចេកស្រស់ និងផ្លែស្វាយស្រស់ កម្ពុជាកំពុងកំណត់យកផលិតផលកសិកម្មមានសក្ដានុពលផ្សេងទៀត សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ផលិតផលកសិកម្មមានសក្ដានុពលទាំងនោះ រួមមាន ផ្លែមៀនប៉ៃលិន ទុរេន ផ្លែស្រកានាគ និងទឹកមាត់ត្រចៀកកាំ ជាដើម។ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម ក៏នឹងគ្រោងធ្វើការចរចាជាមួយភាគីចិន សម្រាប់កំណត់កូតាថ្មីនាំចេញអង្ករពីកម្ពុជា ទៅទីផ្សារប្រទេសចិន។ កូតាថ្មីនាំចេញអង្ករនេះ មានបរិមាណ ៥០ម៉ឺនតោន កើនពី៤០ម៉ឺនតោននៃកូតានាំចេញអង្ករបច្ចុប្បន្ន។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានទឹកប្រាក់សរុប ៨,១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ថយចុះ៥ភាគរយធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះកម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនមានតម្លៃ ១,០៨ ពាន់លានដុល្លារ កើនឡើង៨ភាគរយ៕
អត្ថបទ ៖ វណ្ណៈ





