គេហទំព័រព័ត៌មាន Etemadonline បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងតេអេរ៉ង់ និង រីយ៉ាដ (Riyadh) បានបញ្ចប់ភាពអរិភាពជាច្រើនឆ្នាំ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា។

គេហទំព័រអ៊ីរ៉ង់ បានរាយការណ៍ថា៖«លោកប្រធានាធិបតីរ៉េស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងរីយ៉ាដ ជាកន្លែងដែលបញ្ហាប៉ាឡេស្ទីន នឹងត្រូវបានពិភាក្សា។
មហាអំណាចពិភពលោក និងក្នុងតំបន់ បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើវិធីដោះស្រាយជម្លោះដែលកំពុងកើនឡើង ក្នុងរយៈពេល៤សប្តាហ៍ ចាប់តាំងពីក្រុមយុទ្ធជនមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង ២៤០នាក់ ធ្វើជាចំណាប់ថ្នូរ។ .
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសពីលើអាកាស បានដាក់ការឡោមព័ទ្ធ និងបើកការវាយលុកថ្មើរជើង ដោយបានធ្វើឲ្យមានការេព្រួយបារម្ភជា សកលអំពីលក្ខខណ្ឌមនុស្សធម៌ នៅក្នុងដែនដីនេះ។
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។