អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនជាតិអាហ្វហ្គានីស្ថានជាង ២០០.០០០ នាក់ ដែលគ្មានឯកសារបានចាកចេញពីប៉ាគីស្ថានទៅកាន់អាហ្វហ្គានីស្ថានចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាស ផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ របស់ខ្លួនកាលពីជាងមួយខែមុន។

ប្រជាជនអាហ្វហ្គានីស្ថាន ប្រឈមនឹងវិបត្តិក្រោមរបបដឹកនាំរបស់ក្រុមតាលីបង់ ក្រោយពួកគេត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសក្បែរខាងប៉ាគីស្ថាន ។
នៅចំណតរថយន្តក្រុងចុងក្រោយ ចំពីមុខព្រំដែនតំបន់ភ្នំរបស់ប៉ាគីស្ថានជាមួយអាហ្វហ្គានីស្ថាន លោក គុលខាន់ (Gul Khan ) វ័យ៣៥ឆ្នាំ កំពុងដឹកជញ្ជូនទូទឹកកកតូចមួយ តាមរថយន្តដឹកទំនិញ ធ្វើដំណើរទៅកាន់ទឹកដីដូនតារបស់លោកវិញ។

លោក Khan ដែលកំពុងចាកចេញជាមួយប្រពន្ធ និងកូនប្រាំបីរបស់លោក មិនធ្លាប់ឈានជើងចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់អ៊ីស្លាមទេ អស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកបានកើតនៅប្រទេសប៉ាគីស្ថានពីឪពុកម្តាយដែលបានភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេបន្ទាប់ពីសូវៀតបានឈ្លានពានកាលពីឆ្នាំ ១៩៧៩ ។
ពលរដ្ឋម្នាក់ទៀត លោក បាលុច(Baloch) បាននិយាយថា ការព្រួយបារម្ភដែលយើងមានគឺថា ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារ គឺជាមនុស្សដែលមានការភ័យខ្លាច ចំពោះសុវត្ថិភាពរបស់ពួកគេ នៅពេលពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញ។មនុស្សជាច្រើនបានត្រលប់មកពីប្រទេសប៉ាគីស្ថានវិញ ប៉ុន្តែមានការបង្ហាញយ៉ាងច្បាស់ថាពួកគេបានចាកចេញពី អាហ្វហ្គានីស្ថានដោយខ្លាចថាមានការឃុំខ្លួនឬចាប់ខ្លួន។
ប៉ាគីស្ថានបាននិយាយថាការសម្រេចចិត្តរបស់ខ្លួនគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួននៃការវាយប្រហារភេរវករនៅឆ្នាំនេះ ដែលមនុស្សរាប់រយនាក់បានស្លាប់ ហើយដែលក្រុមមន្ត្រីបាននិយាយថា ភាគច្រើនធ្វើឡើងដោយក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារជំនួយបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ១,៧ លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថានដោយគ្មានទិដ្ឋាការ ឬការចុះឈ្មោះ រួមទាំងភាគច្រើននៃមនុស្សប្រហែល៦០០.០០០នាក់ ដែលបានភៀសខ្លួនក្រោយឆ្នាំ ២០២១៕
-