ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីជាការឆ្លើយតបទៅនឹងសំណើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកគាំទ្របរទេសនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសប៉ាឡេស្ទីន។
ច្បាប់ការពារហិរញ្ញប្បទានអន្តរជាតិរបស់ក្រុមហាម៉ាស ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមនេះ ត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយកំពុងរង់ចាំការបោះឆ្នោតពីព្រឹទ្ធសភា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍលើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី លុះត្រាតែមានការបញ្ជាក់ឲ្យឃើញថា មានការផ្តល់ជំនួយជាសម្ភារៈដល់ក្រុមហាម៉ាស ឬក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន។

លោកអាន់វ៉ា បាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សភានៅថ្ងៃអង្គារនេះថា៖ «ទណ្ឌកម្មណាមួយប្រឆាំងនឹងម៉ាឡេស៊ី ក៏អាចប៉ះពាល់ដល់ការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិនិងក្រុមហ៊ុនអាមេរិក ទៅកាន់ប្រទេសម៉ាឡេស៊ី ក៏ដូចជាប៉ះពាល់ដល់ឱកាសវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ»។