លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បានី (Anthony Albanese) បាននិយាយថា លោកពេញចិត្តនឹងការចូលរួមប្រកបដោយវិជ្ជមាន ជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោក Xi បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងស្ថិរភាពរវាងចិន និងអូស្ត្រាលីបានបម្រើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ដោយបានបញ្ជូនសញ្ញាច្បាស់លាស់ថាទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីភាពតានតឹងនាពេលថ្មីៗនេះ។

លោក Albanese ជាមេដឹកនាំអូស្ត្រាលីដំបូងគេដែលបានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់តាំងពីឆ្នាំ ២០១៦ បាននិយាយថា ជម្លោះនៅក្នុងពិភពលោកត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំនៅឯមហាសាលប្រជាជនរួមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននិងជម្លោះនៅមជ្ឈិមបូព៌ា។ លោកក៏បានលើកឡើងផងដែរអំពីសំណុំរឿងរបស់អ្នកនិពន្ធជនជាតិអូស្ត្រាលីលោក យ៉ាង ហេងជុន (Yang Hengjun) ដែលត្រូវបានជាប់ពន្ធនាគារនៅទីក្រុងប៉េកាំងរយៈពេលបួនឆ្នាំពីបទចារកម្ម។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសចិន និងអូស្ត្រាលី បានកសាងទំនាក់ទំនងលើពាណិជ្ជកម្ម ដោយទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងកង់បេរ៉ា ជាមួយនឹងការទិញអាហារ និងធនធានធម្មជាតិរបស់អូស្ត្រាលី មុនពេលទំនាក់ទំនងកាន់តែជូរចត់បន្ទាប់ពីអូស្ត្រាលី កាលពីឆ្នាំ២០១៧ បានចោទប្រកាន់ប្រទេសចិនថាបានជ្រៀតជ្រែកក្នុងនយោបាយរបស់ខ្លួន៕