ប៉ាឡេស្ទីន៖ សកម្មប្រយុទ្ធប៉ាឡេស្ទីនមកពីរណសិរ្ស ប្រជាធិបតេយ្យដើម្បីរំដោះប៉ាឡេស្ទីន ជាក្រុម PLO បំបែកខ្លួនឆ្វេងនិយម បានដើរក្បួនព្យុហយាត្រានៅតាមដងផ្លូវនានា នៃទីក្រុងហ្គាហ្សាកាលពីថ្ងៃអង្គារបង្ហាញអាវុធ រួមទាំងគ្រាប់រ៉ូកែតគំរូផងដែរ។

ការបង្ហាញកម្លាំងនេះមានឡើងប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការបញ្ចប់សង្គ្រាមរយៈពេល ១១ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស់។ ជម្លោះថ្មីៗនេះបានចាប់ផ្ដើម ប៉ុន្មានសប្ដាហ៍បន្ទាប់ពីភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងតំបន់គ្រប់គ្រងដោយអ៊ីស្រាអែលគឺទីក្រុងហ្ស៊េរុយខាងកើត ដែលបានបង្កឲ្យមានជាជម្លោះនៅតំបន់ទីសក្ការ ដែលត្រូវបានគោរពទាំងអ៊ីស្លាមសាសនិក ទាំងជនជាតិជ្វីស។ ក្រុមហាម៉ាស់បានចាប់ផ្ដើមបាញ់គ្រាប់រ៉ូកែតចូលទឹកដីអ៊ីស្រាអែល បន្ទាប់ពីព្រមានថា ខ្លួននឹងដកចេញពីតំបន់នេះដែលបង្កឲ្យមានការសងសឹក ដោយការវាយប្រហារតាមអាកាសពីអ៊ីស្រាអែល លើគោលដៅតំបន់ហ្គាហ្សា។

យោងតាមអង្គការសហប្រជាជាតិ ការវាយប្រយុទ្ធតបតគ្នារយៈពេល ១១ថ្ងៃបានបណ្ដាលឲ្យមនុស្ស ២៥៦នាក់ស្លាប់នៅក្នុងតំបន់ហ្គាហ្សា ក្នុងនោះមាន ១៣នាក់ស្លាប់នៅអ៊ីស្រាអែល មុនពេលបទឈប់បាញ់មួយបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២១ ខែឧសភា។ អង្គការនេះនិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ១២៨នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា។ ចំណែកយោធាអ៊ីស្រាអែលវិញនិយាយថា មនុស្ស ២០០នាក់ជាពួកសកម្មប្រយុទ្ធ ចំណែកមេដឹកនាំក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាគឺលោក យ៉ាយ៉ា ស៊ីនវ៉ា បានកំណត់ចំនួនក្រុមយុទ្ធជនដែលបានស្លាប់ចំនួនតែ ៨០នាក់ប៉ុណ្ណោះ។
អ៊ីស្រាអែលនិយាយថា អគារសារព័ត៌មានមួយដែលត្រូវបានបំផ្លាញ ដោយការវាយប្រហារតាមអាកាសមួយ ក្នុងចំណោមការវាយប្រហារជាច្រើនក្នុងជម្លោះតំបន់ហ្គាហ្សា ត្រូវបានប្រើដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងការព្យាយាមចាប់ប្រព័ន្ធខែលចាប់មីស៊ីល Iron Dome របស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខមាន