ភ្នំពេញ ៖ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលបច្ចេកទេស និងផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាលបានផ្ដល់គ្រាប់ស្រូវពូជជូនពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពលរដ្ឋអាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។
ថ្លែងនាពិធីចែកស្រូវពូជរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន ១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួនផ្ដល់បច្ចេកទេសឲ្យប្រជាពលរដ្ឋ រីឯមន្ទីរធនធានទឹកក៏ត្រូវនៅកៀកគិតជាមួយប្រជាពលរដ្ឋដែរ ពោលគឺនៅពេលដែលប្រជាពលរដ្ឋមិនមានទឹកដើម្បីបង្កបង្កើតផល មន្ទីរត្រូវតែផ្ដល់ទឹកជូន។
លោក កើត ឆែ បន្ថែមថា សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានស្រូវពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នេះហើយប្រជាពលរដ្ឋអាចយកទៅបង្កបង្កើនផល ទួលបានទិន្នផលខ្ពស់។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា គ្រាប់ពូជស្រូវ ដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន ៦.៦៥០គីឡូក្រាម មានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាសរុប ១.៧២៤ហិកតា។ ដោយឡែក សង្កាត់បឹងធំមានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៤៧៨ហិកតា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងដល់កម្ពស់ខ្ពស់បំផុត ដែលបានបណ្តាលឲ្យទទួលរងផលប៉ះពាល់លិចលំនៅឋានចំនួន១៦២គ្រួសារ ក្នុងនោះ សង្កាត់បឹងធំចំនួន ១៥១គ្រួសារ និងសង្កាត់ប្រទះឡាងចំនួន ១១គ្រួសារ ព្រមទាំងផ្ទៃដីខូចខាតដំណាំស្រូវវស្សាចំនួន ៥១,៦៨ហិកតា ស្មើនឹង១០៨គ្រួសារ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










