លោក នីកូឡាស បឺនស៍ (Nicholas Burns) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិន បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន តាមរយៈការបញ្ជូនគណៈប្រតិភូដ៏ធំបំផុតទៅកាន់ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) នៅទីក្រុងសៀងហៃ។

សហរដ្ឋអាមេរិក បានបញ្ជូនគណៈប្រតិភូដ៏ធំបំផុតរបស់ខ្លួនទៅកាន់ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន CIIE ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) កាលពីថ្ងៃច័ន្ទ បានរៀបចំស្តង់អាហារ និងកសិកម្មជាច្រើននៅក្នុងពិព័រណ៍នេះជាលើកដំបូងរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសចិន រូបនេះ បានថ្លែងសុន្ទរកថាក្នុងពិធីបើកនៅក្នុងព្រឹត្តិការណ៍នេះ ដោយបញ្ជាក់សារជាថ្មីអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម «សំខាន់ពិសេស» របស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន។

លោក Nicholas Burns បាននិយាយថា «ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមានវត្តមាននៅព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន CIIE នេះ។ យើងមានអាជីវកម្ម និងអ្នកតាំងពិព័រណ៍ច្រើនជាងគេនៅឆ្នាំនេះ ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះទំនាក់ទំនងមួយនេះ។
ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងមានសារៈសំខាន់ណាស់ជាមួយប្រទេសចិន ដែលទទួលបានទំហំទឹកប្រាក់ចំនួន ៦៩០ពាន់លានដុល្លារ ក្នុងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២ ហើយនោះគឺជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក»៕