នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃចន្ទ (០៦ វិច្ឆិកា) ថា ប្រទេសអ៊ីតាលី នឹងសាងសង់មជ្ឈមណ្ឌលនៅក្នុងប្រទេសអាល់បានី ដើម្បីទទួលជនអន្តោប្រវេសន៍តាមសមុទ្រដែលព្យាយាមចូលចតក្នុងប្រទេស ខណៈដែលលោកស្រីបានបង្ហាញនូវគម្រោងថ្មីមួយដើម្បីព្យាយាមកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដែលបានកើនឡើងជិតពីរដងកាលពីឆ្នាំមុន។

លោកស្រី Meloni បាននិយាយថា មជ្ឈមណ្ឌលនៅក្នុងប្រទេសអាល់បានី ដំបូងនេះនឹងទទួលមនុស្សប្រហែល ៣.០០០នាក់ ហើយវានឹងត្រូវបានបើកនៅនិទាឃរដូវឆ្នាំ២០២៤ ខាងមុខនេះ។
លោកស្រីបានបន្ថែមថា រដ្ឋាភិបាលអ៊ីតាលី សង្ឃឹមថានឹងពង្រីកសមត្ថភាពរបស់មជ្ឈមណ្ឌលទាំងនោះដើម្បីដំណើរការដល់ជនអន្តោប្រវេសន៍ចំនួន ៣៦.០០០នាក់ ក្នុងមួយឆ្នាំ។

រដ្ឋបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះ បានរឹតបន្តឹងការជាប់ពន្ធនាគាររួចហើយសម្រាប់អ្នកជួញដូរមនុស្ស និងបានសម្រេចបង្កើនចំនួនមណ្ឌលឃុំឃាំងទូទាំងប្រទេស ដើម្បីឃុំជនជនអន្តោប្រវេសន៍ខុសច្បាប់មុនពេលធ្វើមាតុភូមិនិវត្តន៍។
មេដឹកនាំអ៊ីតាលីរូបនេះបាននិយាយថា អនីតិជន ស្ត្រីមានផ្ទៃពោះ និងក្រុមដែលងាយរងគ្រោះផ្សេងទៀត នឹងមិនត្រូវបានគេនាំទៅប្រទេសអាល់បានីឡើយ ហើយព័ត៌មានលម្អិតមួយចំនួនផ្សេងទៀតនៃគម្រោង រួមទាំងតម្លៃចំណាយ ក៏មិនត្រូវបានលាតត្រដាងផងដែរ៕