ភ្នំពេញ ៖ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៣នាក់ ដកហូតថ្នាំញៀនជាង២គីឡូក្រាម ។
ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់នៅចំណុច បណ្តោយផ្លូវលេខK៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ។
ជនសង្ស័យទាំង ០៣នាក់ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។
២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។
៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។ ដកហូតវត្ថុតាង សារធាតុញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ និង ១៤៤ក្រាម) ។
ចំពោះករណីនេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវ ៕ ដោយ ៖ តារាវុទ្ធី


