នគរបាលទីក្រុងឡុងដ៍្រ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) បានជំរុញអ្នករៀបចំបាតុកម្មកុំឱ្យបន្តការតវ៉ាណាមួយដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះ នៅពេលដែលទិវាបទឈប់បាញ់ នឹងត្រូវបានប្រារព្ធឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានរិះគន់ផែនការសម្រាប់ការតវ៉ាគាំទ្រប៉ាឡេស្ទីន។

នគរបាលក្រុងឡុងដ៍្របាននិយាយថា ក្រុមអាជ្ញាធរបានស្នើឱ្យអ្នករៀបចំដែលមិនស្គាល់អត្តសញ្ញាណឱ្យពិចារណាលើការពន្យារពេលបាតុកម្មណាមួយនៅក្នុងទីក្រុងឡុងដ៍្រ នៅចុងសប្តាហ៍ រួមទាំងខួបថ្ងៃសៅរ៍ នៃការបញ្ចប់សង្គ្រាមលោកលើកទី១ ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ។
ទីភ្នាក់ងារនគរបាលនោះកាលពីមុនបាននិយាយថា សកម្មជនគាំទ្រប៉ាឡេស្ទីន មានបំណងធ្វើ «បាតុកម្មដ៏ធំ» នៅថ្ងៃសៅរ៍ ប៉ុន្តែមិនបាននិយាយសំដៅទៅលើពួកគេនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួននោះទេ។ លោកនាយករដ្ឋមន្រ្តី Sunak បាននិយាយកាលពីថ្ងៃសុក្រថា ផែនការរបស់បាតុករគាំទ្រប៉ាឡេស្ទីន ក្នុងការដើរក្បួនតវ៉ានៅកណ្តាលទីក្រុងឡុងដ៍្រ ក្នុងទិវាបទឈប់បាញ់ គឺជា «ការបង្ករឿង និងមិនគោរព»។

យោងតាមក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃចាប់តាំងពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ តុលា មក ដោយបានសម្លាប់មនុស្សជាង ១០.០០០នាក់ និងបានជំរុញឱ្យក្រុមអ្នកគាំទ្រប៉ាឡេស្ទីន រាប់ម៉ឺននាក់ ដើរដង្ហែតវ៉ាឆ្លងកាត់កណ្តាលទីក្រុងឡុងដ៍្រ រៀងរាល់ថ្ងៃសៅរ៍ដោយទាមទារឱ្យរដ្ឋាភិបាលអង់គ្លេស អំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ជម្លោះដ៏បង្ហូរឈាមនោះ៕