ជប៉ុន ៖ រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura នៅថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) នេះ បាននិយាយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងជះឥទ្ធិពលលើគម្រោង ឧស្ម័នធម្មជាតិ Arctic LNG 2 នៅក្នុងប្រទេសរុស្ស៊ី ដែលមានម្ចាស់ភាគហ៊ុនជប៉ុនកាន់កាប់ភាគហ៊ុន ១០ភាគរយ។
លោកបានលើកឡើងថា គម្រោងនេះមានសារៈសំខាន់ក្នុងការធានាឲ្យមានស្ថិរភាពនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) សម្រាប់ប្រទេសជប៉ុនដែលមិនសម្បូរធនធាន ហើយរដ្ឋាភិបាលជប៉ុននឹងឆ្លើយតបយ៉ាងសមរម្យមិនធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន។
លោក Nishimura បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងជឿថា កម្រិតជាក់លាក់នៃផលប៉ះពាល់លើអាជីវកម្ម គឺចៀសមិនរួចនោះទេ។ យើងនឹងធ្វើការជាមួយក្រុមប្រទេសទាំង៧ ឬG7 ដើម្បីធ្វើការវិនិច្ឆ័យយ៉ាងទូលំទូលាយ និងឆ្លើយតបយ៉ាងសមស្រប ដើម្បីកុំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាពដល់ប្រទេសជាតិរបស់យើង»។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការថ្មីជាច្រើនប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយផ្តោតលើអង្គភាពធំមួយពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ប្រតិបត្តិការ និងកម្មសិទ្ធិនៃគម្រោងដ៏ធំ នៅស៊ីបេរី ដែលគេស្គាល់ថា Arctic LNG 2៕

