UN ៖ ប្រមុខអង្គការសហប្រជាជាតិ ឬ UN លោក Antonio Guterres បានចេញសេចក្តីអំពាវនាវដ៏ខ្លាំងក្លាមួយ ដើម្បីឲ្យមាន «បទឈប់បាញ់ ក្នុងបុព្វហេតុមនុស្សធម៌» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា) លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា៖ «សុបិនអាក្រក់ នៅតំបន់ហ្កាហ្សា គឺលើសពីពាក្យថា វិបត្តិមនុស្សធម៌ទៅទៀត។ វាគឺជាវិបត្តិរបស់មនុស្សជាតិ»។ ហើយបន្ថែមពីលើនោះ លោកប្រធានអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា ជម្លោះនេះកំពុងបំផ្លាញជីវិតជនស្លូតត្រង់ជាច្រើន។
ជាមួយគ្នានេះ លោក Guterres ក៏បានថ្កោលទោសក្រុមហាម៉ាស ដែលបានធ្វើការវាយប្រហារយ៉ាងព្រៃផ្សៃ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងចាប់ចំណាប់ថ្នូររាប់រយនាក់។
តែយ៉ាងណាក្ដី លោកបាននិយាយថា លោកចង់បាន «បទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌»។ លោកបានប្រាប់ថា គ្រប់ភាគីទាំងអស់ត្រូវគោរពកាតព្វកិច្ចរបស់ពួកគេ នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានបញ្ជាក់បន្ថែមថា៖ «នេះមានន័យថា ត្រូវដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌនៅតំបន់ហ្កាហ្សា។ ត្រូវការពារជនស៊ីវិល មន្ទីរពេទ្យ កន្លែងស្នាក់នៅរបស់អង្គការសហប្រជាជាតិ ទីជម្រក និងសាលារៀន។ ត្រូវផ្ដល់បន្ថែមទៀតនូវអាហារ ទឹក ថ្នាំពេទ្យ ហើយប្រាកដណាស់ ប្រេងឥន្ធនៈ ទៅកាន់តំបន់ហ្កាហ្សា ដោយសុវត្ថិភាព រហ័ស និងតាមទំហំដែលត្រូវការ។ ឥឡូវនេះ»៕

