អុីស្រាអែល ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ (UNSC) មិនទាន់អនុម័តសេចក្ដីសម្រេចស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅឡើយទេ ដោយសារប្រទេសជាសមាជិក នៅតែមានការខ្វែងគំនិតគ្នា។
សមាជិកក្រុមប្រឹក្សា បានប្រជុំបិទទ្វារសម្រាប់សម័យប្រជុំបន្ទាន់មួយ កាលពីថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា)។ ពួកគេបានពិភាក្សាអំពីស្ថានភាពមនុស្សធម៌ ដែលកាន់តែអាក្រក់ទៅៗ នៅក្នុងតំបន់ហ្គាហ្សា និងអំពីសេចក្តីសម្រេចព្រាង ដែលត្រូវបានរៀបចំឡើង ដោយសមាជិកមិនអចិន្ត្រៃយ៍។
សេចក្ដីសម្រេច ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវបានច្រានចោលទាំង២ កាលពីខែមុន។ ប្រទេសចិន និងរុស្ស៊ីកំពុងនាំមុខគេ ក្នុងការអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ ខណៈដែលសហរដ្ឋអាមេរិក កំពុងការពារអ៊ីស្រាអែល។
សម័យប្រជុំបន្ទាន់នេះ ត្រូវបានស្នើឡើងដោយប្រទេសចិន និងអារ៉ាប់រួម។ បន្ទាប់ពីកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងនោះ បានរួមគ្នាអំពាវនាវឲ្យមានបទឈប់បាញ់ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សាស្ទ្រីប។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក លោក Robert Wood បានប្រាប់អ្នកសារព័ត៌មានថា សមាជិកក្រុមប្រឹក្សា បានពិភាក្សាអំពីការផ្អាកប្រយុទ្ធ ក្នុងបុព្វហេតុមនុស្សធម៌។
ទោះបីជាមានរយៈពេល ១ខែហើយក្ដី នៅក្នុងជម្លោះ ដែលត្រូវបានគេរាយការណ៍ថា បានឆក់យកជីវិតមនុស្សជាង ១០.០០០នាក់ នៅតំបន់ហ្គាហ្សា ក៏វានៅតែមិនទាន់មានភាពច្បាស់លាស់ដដែលថា តើក្រុមប្រឹក្សាសន្តិសុខអាចចាត់វិធានការដោយមានការស្របមតិគ្នា ឬអត់៕

