ចិន ៖ ទេសាភិបាលរងនៃធនាគារប្រជាជនចិន (PBOC) លោក Zhang Qingsong នៅថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) នេះ បាននិយាយថា លោក «មិនមានការព្រួយបារម្ភខ្លាំងពេកនោះទេ» អំពីសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងប្រឹងប្រែងតស៊ូ ដើម្បីងើបឡើងវិញ ចំពេលតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះ និងវិបត្តិបំណុល ក្នុងវិស័យអចលនទ្រព្យ កំពុងតែធ្ងន់ធ្ងរទៅៗ។
លោក Zhang បានបន្ថែមថា ទោះបីជាបំណុលរបស់រដ្ឋបាលមូលដ្ឋានមួយចំនួន នៅតែមានបញ្ហារចនាសម្ព័ន្ធក៏ដោយ ក៏បំណុលសរុបរបស់រដ្ឋាភិបាលចិន នៅតែស្ថិតក្នុងកម្រិតមធ្យមដល់កម្រិតទាបតាមស្តង់ដារអន្តរជាតិ។ លោកបន្ថែមថា ខេត្តភាគខាងកើត និងកណ្តាលភាគច្រើន មានស្ថានភាពរឹងមាំល្អក្នុងការសងបំណុល។
ការលើកឡើងរបស់នាយកប្រតិបត្តិធនាគារកណ្តាលរូបនេះ កើតមាននៅឯកិច្ចប្រជុំកំពូលវិនិយោគបណ្ដាមេដឹកនាំហិរញ្ញវត្ថុសកល នៅទីក្រុងហុងកុង ជាកន្លែងដែលនិយតករជាន់ខ្ពស់មួយចំនួនរបស់ប្រទេសចិន កំពុងជួបជាមួយនាយកប្រតិបត្តិមកពីធនាគារធំៗរបស់លោកខាងលិច និងបណ្ដាមន្ត្រីធុរកិច្ច៕

