រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងជួបការលំបាកដើម្បីទប់ទល់នឹងវិបត្តិដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ដោយលោកប្រធានាធិបតី និងអ្នកការទូតជាន់ខ្ពស់របស់លោក រហូតមកដល់ពេលនេះ មិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុករបស់ខ្លួនជាបណ្តោះអាសន្នប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឱ្យមានការចែកចាយជំនួយមនុស្សធម៌បន្ថែមទៀតទៅកាន់តំបន់ហ្កាហ្សា បានឡើយ។
ការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល និងការឆ្លើយតបដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល កំពុងសាកល្បងឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដោយទីក្រុងវ៉ាស៊ីនតោន ព្យាយាមរក្សាការគាំទ្រជាប្រពៃណីរបស់ខ្លួនសម្រាប់អ៊ីស្រាអែល ស្របពេលមានកំហឹងជាអន្តរជាតិកាន់តែខ្លាំងឡើង ជាពិសេសក្នុងចំណោមសម្ព័ន្ធមិត្តអារ៉ាប់ របស់អាមេរិក ជុំវិញស្ថានភាពរបស់ជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
បណ្ដាអ្នកការទូតលោកខាងលិចបាននិយាយថា វិបត្តិនេះបានធ្វើឱ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច កាន់តែស្ថិតក្នុងភាពឯកោក្នុងរបៀបមួយដែលចាប់ផ្តើមស្រដៀងនឹងសង្រ្គាមអ៊ីរ៉ាក់ ឆ្នាំ២០០៣ ដោយធ្វើឱ្យខូចសម្ព័ន្ធភាព ខណៈពេលដែលកំពុងជំរុញឱ្យមានលទ្ធភាពនៃគំនិតជ្រុលនិយមនៅក្នុងប្រទេសផងដែរ៕

