អុីស្រាអែល ៖ ទាហានអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចាប់ខ្លួនសកម្មជនប៉ាឡេស្ទីនម្នាក់ នៅក្នុងតំបន់វេសបែង ដែលត្រូវបានគេចាត់ទុកជាវីរនារី តាំងពីនាង នៅក្មេង ជុំវិញការសង្ស័យថា បានញុះញង់ឲ្យមានអំពើហិង្សា ប៉ុន្តែ ម្តាយរបស់នាង បានបដិសេធការអះអាងនេះ ហើយបាននិយាយថា វាផ្អែកលើការបង្ហោះនៅInstagram ក្លែងក្លាយ។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ខ្លួននាង Ahed Tamimi អាយុ ២២ឆ្នាំ នៅក្នុងភូមិ Nabi Saleh ក្នុងតំបន់វេសបែង។ នាងTamimi ទទួលបានភាពល្បីល្បាញក្នុងឆ្នាំ ២០១៧ នៅពេលដែលនាងនៅអាយុ ១៦ឆ្នាំ នាងបានទះកំផ្លៀងទាហានអ៊ីស្រាអែល ដែលបានវាយឆ្មក់ភូមិរបស់នាង។ នាង និងអ្នកដទៃទៀត បានតវ៉ាប្រឆាំងការរឹបអូសយកដីរបស់អ៊ីស្រាអែល អស់ជាច្រើនឆ្នាំមកហើយ។
យោធា បាននិយាយថា នាងTamimi ត្រូវបានគេសង្ស័យថា បានញុះញង់ឲ្យមានអំពើហិង្សា និងការអំពាវនាវឲ្យមានសកម្មភាពភេរវកម្ម។
ម្តាយរបស់នាងឈ្មោះ Nariman Tamimi បាននិយាយថា ទាហានអ៊ីស្រាអែលជាងរាប់សិបនាក់ បានចូលផ្ទះរបស់គាត់ នៅពេលយប់ ហើយបានចាប់ខ្លួនកូនស្រីគាត់តែម្តង។

