ប៉ាគីស្ថាន ៖ វិទ្យុប្រទេសប៉ាគីស្ថានបានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយរដ្ឋាភិបាលប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រដល់កម្មវិធីគ្របដណ្តប់លើសុខភាពសកលនៅក្នុងប្រទេសនេះ។
របាយការណ៍ បាននិយាយថា អង្គការសុខភាពពិភពលោកបានប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្ររបស់ខ្លួនដោយការផ្តល់ឧបករណ៍ និងរថយន្តគិលានសង្គ្រោះ និងការសម្របសម្រួលការជួសជុលអគារថែទាំសុខភាព រួមទាំងមណ្ឌលថែទាំសុខភាពបឋម និងមធ្យម រួមជាមួយការដាក់ពង្រាយអង្គភាពចល័ត។
របាយការណ៍បានបន្ថែមថា គំនិតផ្ដួចផ្ដើមនេះ ត្រូវបានកំណត់ដើម្បីលើកកម្ពស់លទ្ធភាពប្រើប្រាស់ និងគុណភាពនៃសេវាថែទាំសុខភាពយ៉ាងសំខាន់ ដោយបានឈានដល់ជាង ៩០ ភាគរយនៃមណ្ឌលថែទាំសុខភាពបឋម។
និយាយនៅក្នុងព្រឹត្តិការណ៍មួយ អ្នកតំណាងរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសប៉ាគីស្ថាន លោក Palitha Gunarathna Mahipala បាននិយាយថា បុគ្គលិកថែទាំសុខភាពគឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់របស់សហគមន៍ និងប្រព័ន្ធសុខភាព។
លោក Mahipala និយាយថា ការលើកកម្ពស់សមត្ថភាពបុគ្គលិកថែទាំសុខភាពតាមរយៈកម្មវិធីគាំទ្រនៅក្នុងប្រទេសប៉ាគីស្ថាន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់អង្គការសុខភាពពិភពលោក។

