ចិន ៖ ក្រុមមន្រ្តីក្នុងស្រុក បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៣នាក់ បានស្លាប់ និងមនុស្សម្នាក់ទៀត បានរងរបួស ក្រោយបាក់គ្រោងអគារនៅក្នុងក្លិបហាត់ប្រាណ ស្ថិតនៅខេត្តភាគឦសាន Heilongjiang ប្រទេសចិន ។
ក្រុមមន្រ្តីរដ្ឋាភិបាល និងសារព័ត៌មានរដ្ឋ បានរាយការណ៍ថា មនុស្ស ៧នាក់ បានស្ថិតក្នុងក្លិបហាត់ប្រាណ Yuecheng នៅទីក្រុង Jiamusi ស្រុក Huanan ពេលដែលវាបាក់កាលពីយប់ថ្ងៃចន្ទ ។
វីដេអូសាក្សីដែលបានបញ្ចេញនៅថ្ងៃអង្គារនេះ ឃើញប្រជាពលរដ្ឋក្នុងស្រុក ចូលក្រោមអគារបាក់ និងស្វែងរកអ្នករស់រាន ស្របពេលដែលកម្ទេចកម្ទីគ្រប់ដណ្តប់ដោយព្រិលធ្លាក់ ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មនុស្ស ៣នាក់ដែលអាចជាក្មេងៗ ស្ថិតនៅទីតាំងកើតហេតុ ឬជាប់ខាងក្នុងអគារ ពេលដែលវាបាក់ ។ សារព័ត៌មានរដ្ឋ រាយការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០យប់ ថ្ងៃចន្ទ ។
គេនៅមិនទាន់ដឹងភ្លាមៗនោះទេពីមូលហេតុដែលបណ្តាលឲ្យបាក់ក្លិបហាត់ប្រាណនេះ ប៉ុន្តែខេត្តភាគខាងជើងប្រទេសចិន ទទួលរងអកាសធាតុត្រជាក់ខ្លាំង និងព្យុះទឹកកក ពេញមួយថ្ងៃកាលពីថ្ងៃចន្ទ ដែលបង្កភាពវឹកវរដល់ការដឹកជញ្ជូនសាធារណៈ និងបិទសាលា ៕

