មីយ៉ាន់ម៉ា ៖ សហភាពមីយ៉ាន់ម៉ា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសចិន ហើយធ្វើការដើម្បីធានាបានសុវត្ថិភាពសហគ្រាស និងបុគ្គលិកចិនដែលផ្តល់មូលនិធិដោយប្រទេសចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទបានឲ្យដឹងថា មីយ៉ាន់ម៉ា បានបង្ហាញជំហរច្បាស់លាស់ ក្នុងដំណើរទស្សនកិច្ចទៅកាន់សហភាពមីយ៉ាន់ម៉ា ធ្វើឡើងដោយឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ។ ក្នុងជំនួបនោះ លោក Nong បាននិយាយថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងល្អ របស់ប្រទេសជិតខាង និងមិត្តភាព ចិន-មីយ៉ាន់ម៉ា ដែលនឹងប្រកាន់ខ្ជាប់នូវគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងការរស់នៅជាមួយគ្នាក្នុងទំនាក់ទំនងការទូតជាប្រទេសជិតខាង។ លោកបានបញ្ជាក់ថា ក្នុងនាមប្រទេសជិតខាងជាមិត្តភាព ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រចំពោះមីយ៉ាន់ម៉ា ថា នឹងស្តារស្ថិរភាព និងការអភិវឌ្ឍន៍ឡើងវិញនៅដំណាក់កាលដំបូង ហើយគាំទ្រភាគីទាំងអស់ក្នុងសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានសមស្រប ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចបាននូវការផ្សះផ្សាតាមរយៈការសន្ទនា។ ប្រទេសចិនបានត្រៀមជាស្រេច ធ្វើការជាមួយសហភាពមីយ៉ាន់ម៉ា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាបន្តបន្ទាប់ ដូចជាការល្បែងស៊ីសងតាមអនឡាញ និងការឆរបោកតាមប្រព័ន្ធទូរគមនាគមន៍។
ក្នុងអំឡុងជំនួប ភាគីមីយ៉ាន់ម៉ា បាននិយាយឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបានសម្តែងការគាំទ្រដ៏មុតមាំចំពោះជំហររបស់ប្រទេសចិនលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ព្រមទាំងការត្រៀមខ្លួនក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។

