ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ខែមិថុនានេះ ស្ថានទូតរុស្សីប្រចាំកម្ពុជា បាននាំយកនូវសម្ភារៈការពារជំងឺ កូវីដ-១៩ មួយចំនួន ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាមន្ទីរពេទ្យសំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ តាំងពីដំបូងមកទល់ពេលនេះ។
សម្រាប់ការផ្ដល់ជូននូវ សម្ភារៈការពារកូវីដ-១៩ នាព្រឹកនេះ ធ្វើឡើងដោយមានវត្តមានរបស់ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ីប្រចាំកម្ពុជា រួមទាំងវត្តមានរបស់លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ការប្រគល់ជូននូវសម្ភារៈការពារកូវីដ-១៩ នេះ រួមមានសំលៀកបំពាក់ការពារ ម៉ាសN95 និងស្រោមដៃមួយចំនួន ដែលជាការ ចូលរួមចំណែក របស់បុគ្គលិក និងមន្ត្រីការទូត នៃស្ថានទូតរុស្ស៊ី។
ក្នុងឱកាសផ្ដល់នូវសម្ភារៈទាំងអស់នេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងនូវការកោតសរសើរ នូវកិច្ចប្រឹងប្រែងរបស់មន្ទីរពេទ្យ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងការផ្ដល់ការព្យាបាលជំងឺទូទៅ និងជាពិសេសគឺព្យាបាលអ្នកជំងឺកូវីដ-១៩។ ឯកឧត្តម បន្តថា ការងាររបស់ក្រុមគ្រូពេទ្យទាំងអស់ គឺគួរឱ្យគោរព ហើយឯកឧត្តម សង្ឃឹមជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នា នឹងធ្វើឱ្យកម្ពុជា ឈ្នះលើជំងឺដ៏កាចសាហាវនេះ។
សម្រាប់ការទទួលបានសម្ភារៈមួយចំនួននាពេលនេះ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារនៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។ លោកវេជ្ជបណ្ឌិតលើកឡើងថា ការផ្ដល់ជូនសម្ភារៈទាំងនេះ ជាការរួមចំណែកមួយដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជា ហើយវាក៏ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ សហភាពសូវៀត ដែលបានយកចិត្តទុកដាក់ និងជួយកសាងមន្ទីរពេទ្យនេះឡើង តាំងពីជាង៦០ឆ្នាំមុន។ លោកថា មន្ទីរពេទ្យនេះ ជាមរតកមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ប្រជាជនកម្ពុជា។ ហើយបច្ចុប្បន្ន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ៖ គឹមហុក