បារាំង ៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបបន្ទាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ UNលោក Nicolas de Riviere បានទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាកន្លែងដែលក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីននិយាយថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងជាង ១ម៉ឺននាក់ ។
លោកនិយាយថា កិច្ចខិតខំមនុស្សធម៌ ដែលកំពុងធ្វើឡើងបច្ចុប្បន្នមិនគ្រប់គ្រាន់នោះទេ ។ ពួកគេនៅតែប្រយុទ្ធគ្នា ។ វាគួរតែបញ្ឈប់ ពួកយើងត្រូវការបទឈប់បាញ់ ដែលជាបទឈប់បាញ់ប្រកដោយនិរន្តភាព និងយូរអង្វែង ប៉ុន្តែពួកយើងត្រូវការបទឈប់បាញ់មុន ដើម្បីផ្តល់ជំនួយមនុស្សធម៌ ។
ទីក្រុងប៉ារីស នឹងរៀបចំកិច្ចប្រជុំមនុស្សធម៌អន្តរជាតិសម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សានាពេលក្រោយក្នុងសប្តាហ៍នេះ ស្របពេលដែលពួកគេចង់សម្របសម្រួលកិច្ចខិតខំអន្តរជាតិ សម្រាប់តំបន់បិទច្រកប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែលមួយនេះ ។
ក្រុមមន្រ្តីការទូត និយាយថា កិច្ចប្រជុំនៅទីក្រុងប៉ារីសនាថ្ងៃព្រហស្បតិ៍ខាងមុខនេះ នឹងបង្កើតច្រករបៀងសមុទ្រ ដើម្បីបញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែពួកគេនឹងពិនិត្យមើលផងដែរថាតើនាវាប៉ុន្មានគ្រឿង អាចប្រើប្រាស់ដើម្បីជួយជម្លៀសអ្នករងរបួសចេញពីតំបន់ហ្គាហ្សា ។
ទាំងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានបដិសេធន៍ចោលដូចគ្នាសំពាធអន្តរជាតិកើនឡើងឲ្យមានបទឈប់បាញ់ ។
អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ អំឡុងការវាយឆ្មក់របស់ពួកគេនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា គួរតែដោះលែងមុន ប៉ុន្តែក្រុមហាម៉ាស់និយាយថា ពួកគេមិនដោះលែងជាដាច់ខាត ឬក៏បញ្ឈប់ការប្រយុទ្ធគ្នា ស្របពេលដែលតំបន់ហ្គាហ្សា រងការវាយប្រហារបែបនេះ ។
អ៊ីស្រាអែល និយាយថា ទាហានរបស់ខ្លួន ៣១នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីពួកគេចាប់ផ្តើមវាយប្រហារតាមជើងគោកលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី ២៧ ខែតុលា ហើយពួកគេនិយាយថា ក្រុមជីវពលហាម៉ាស់ កំពុងលាក់ខ្លួនជាមួយជនស៊ីវិល ហើយនិងនៅក្នុងមន្ទីរពេទ្យ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់និយាយថា គំនិតដែលថាក្រុមជីវពលរបស់ពួកគេ មានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ គឺជារឿងមិនពិតនោះទេ ដែល UNគួរតែបញ្ជាក់ផ្ទៀងផ្ទាត់លើបញ្ហាមួយនេះ ៕

