ស៊ីរ៉ី ៖ ដោយងើបចេញមកពីគំនរបាក់បែកនៃលំនៅឋានរបស់ខ្លួន ដែលត្រូវបានបំផ្លាញ អ្នករួចជីវិតពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis នាថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) នេះ បាននិយាយថា អ៊ីស្រាអែល «បង្ហាញអានុភាព និងកម្លាំងរបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល»។
បុរសមិនប្រាប់ឈ្មោះ ដែលមានសមាជិកគ្រួសារ ២៧នាក់ នៅតែជាប់ក្រោមគំនរបាក់បែកនៃផ្ទះនោះ បាននិយាយថា រូបលោកមិនមានការភ័យខ្លាចអ្វីឡើយ ចំពោះការវាយប្រហារតាមអាកាស ដែលកំពុងបន្តមាននេះ។ លោកបានបន្តថា៖ «យើងមិនខ្វល់ទេថា តើពួកគេសម្លាប់ពួកយើង ឬក៏មនុស្សជំនាន់ក្រោយជាច្រើនទៀតនោះ»។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឲ្យថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសចំនួន២ ដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល នាព្រឹកថ្ងៃអង្គារនេះ នៅក្នុងទីក្រុងភាគខាងត្បូងតំបន់ហ្កាហ្សា គឺទីក្រុង Khan Younis និង Rafah។
អ៊ីស្រាអែលបាននិងកំពុងទម្លាក់គ្រាប់បែកលើតំបន់នេះ ចាប់តាំងពីក្រុមហាម៉ាសវាយឆ្មក់លើអ៊ីស្រាអែលភាគខាងត្បូង កាលពីមួយខែមុន ដែលនៅពេលនោះក្រុមសកម្មប្រយុទ្ធមួយនេះ បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ជាចំណាប់ថ្នូរ ២៤០នាក់។ ចំណែកមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយថា ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០.០០០នាក់ ក្នុងនោះរួមមានកុមារប្រមាណ ៤.១០០នាក់ផងដែរ៕

