អ៊ុយក្រែន ៖- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា វាគឺជាការមិនមានទំនួលខុសត្រូវ បើសិន និយាយពីការរៀបចំការបោះឆ្នោតនៅអ៊ុយក្រែននាសម័យសង្រ្គាម ហើយលោកសូមអំពាវនាវឲ្យមានការរួបរួមដើម្បីជៀសវាងការពិភាក្សានយោបាយឥតប្រយោជន៍ ។
លោក Zelenskiy និយាយថា វាគឺជារឿងសំខាន់ត្រូវផ្តោតលើការងារលំបាកដែលយោធាប្រឈម ខណៈពួកគេព្យាយាមរុញច្រានកងកម្លាំងរុស្ស៊ីដែលកាន់កាប់ទឹកដី ១ភាគ៥របស់អ៊ុយក្រែន រយៈពេលជាង ២០ខែ ក្រោយទីក្រុងម៉ូស្គូបើកការវាយលុកទ្រង់ទ្រាយធំ ។
លោកថា អ្នករាល់គ្នាឥឡូវគួរតែគិតពីការការពារប្រទេសរបស់ពួកយើង ។ ពួកយើងត្រូវការរួបរួមគ្នា មិនត្រូវមានការបែងចែកនោះទេ មិនត្រូវបែកបាក់គ្នាក្លាយទៅជាជម្លោះនោះទេ ។
លោកបន្តថា បើសិនជាគ្មានជ័យជំនះ វានឹងគ្មានប្រទេសនោះទេ ។ ជ័យជំនះរបស់ពួកយើងអាចទៅរួច វានឹងកើតឡើង បើសិនជាពួកយើងផ្តោតសំខាន់លើជ័យជំនះមួយនេះ ។
គួរឲ្យដឹងថា ការបោះឆ្នោតត្រូវបានហាមឃាត់ក្រោមច្បាប់អាជ្ញាសឹក ដែលបច្ចុប្បន្នចូលជាធរមាននៅប្រទេសអ៊ុយក្រែន ប៉ុន្តែលោក Zelenskiy នឹងពិចារណាថាតើគួរតែយកមកប្រើប្រាស់ការផ្តល់ជូនពិសេសមួយនេះ ដើម្បីរៀបចំការបោះឆ្នោតឬយ៉ាងណា ។
លោក Zelenskiy និយាយថា លោកចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិទី ២ បើសិនជាការបោះឆ្នោតកើតឡើង ។
មាននូវការអំពាវនាវមួយចំនួនផងដែរពីបរទេស ដែលរួមទាំងការអំពាវនាវពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Lindsey Graham ឲ្យមានការបោះឆ្នោត ដើម្បីបញ្ជាក់ស្ថាប័នប្រជាធិបតេយ្យរបស់អ៊ុយក្រែន ៕
