បារាំង ៖ ការប្រកាសអាសន្នកម្រិតពណ៌ក្រហម ត្រូវបានចេញដោយទីភ្នាក់ងារឧតុនិយមបារាំង ស្របពេលមានក្តីកង្វល់ថា ទឹកទន្លេ Aa នឹងហូរប្រៀបច្រាំងនៅតំបន់ភាគខាងជើងប្រទេសបារាំង ខណៈដែលទឹកជំនន់កំពុងវាយប្រហារតំបន់នោះ ។
ខេត្ត Pas-de-Calais បានបញ្ជាឲ្យបិទសាលារៀនទាំងអស់នៅតាមឃុំចំនួន ៣៦ ដែលស្ថិតនៅជាប់នឹងច្រាំងទន្លេ ស្របពេលដែលសេវាកម្មរថភ្លើងក្នុងស្រុក ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ ។
ក្រុមអាជ្ញាធរក្នុងស្រុក បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ នៅតាមឃុំរងផលប៉ះពាល់បន្តស្នាក់នៅក្នុងផ្ទះ មិនត្រូវប្រើប្រាស់រថយន្តរបស់ពួកគេនោះឡើយ ហើយនិងត្រូវជម្លៀសខ្លួន បើសិនជាមានបទបញ្ជាពីសេវាកម្មសង្រ្គោះបន្ទាន់ ។
ក្រុមការងារសង្រ្គោះបន្ទាន់បន្ថែមទៀត ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ជាការត្រៀមខ្លួន ហើយក្រុមកាកបាតក្រហម បានប្រកាសថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់នៅក្នុងឃុំ Saint-Etienne au Mont ។
ទីភ្នាក់ងារឧតុនិយមបារាំង បានព្យាករណ៍ថា ទឹកភ្លៀងកម្ពស់ចន្លោះពី ៣៥មីលីម៉ែត្រ និង ៥០មីលីម៉ែត្រ នឹងកើតមាននៅខេត្ត Pas-de-Calais ដែលនឹងកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយតំបន់មួយនេះ រងផលប៉ះពាល់ដោយសារព្យុះ Ciaran ។
ខណៈពេលនោះដែរ តំបន់ភាគនិរតីប្រទេសបារាំង បានស្ថិតនៅក្រោមការប្រកាសអាសន្នកម្រិតពណ៌លឿងទុំផងដែរ សម្រាប់ទឹកជំនន់ ។ ភ្លៀងនឹងធ្លាក់ខ្លាំង នៅតំបន់ភាគនិរតី ពិសេសនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារព្យុះ Domingos កាលពីចុងសប្តាហ៍កន្លងទៅ ៕

