អាល្លឺម៉ង់ ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលព្យាយាមកាត់បន្ថយចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោន និងបញ្ឈប់ការគាំទ្រដល់ក្រុមស្តាំនិយមជ្រុល បានយល់ព្រមជាមួយមេដឹកនាំប្រចាំរដ្ឋចំនួន១៦ របស់ប្រទេសអាល្លឺម៉ង់ ស្ដីពីគោលនយោបាយទេសន្តរប្រវេសន៍ដ៏តឹងរ៉ឹង និងការផ្តល់មូលនិធិថ្មី សម្រាប់ជនភៀសខ្លួន បន្ទាប់ពីមានការចរចាជាច្រើនម៉ោង នៅព្រឹកថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) នេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Scholz បានយល់ព្រមលើវិធានការ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល ក្នុងការនិរទេសជនអន្តោរប្រវេសន៍ និងធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅមិនសូវទាក់ទាញ ក្នុងនាមជាកន្លែងមកដល់ដំបូង ដែលផ្ទុយស្រឡះពីគោលនយោបាយបើកចំហរយ៉ាងជាក់ស្ដែងរបស់ទីក្រុងប៊ែរឡាំង ក្រោមការដឹកនាំរបស់អតីតអធិការបតីលោកស្រី Angela Merkel។
កិច្ចប្រជុំនេះមានគោលបំណងប្រមូលការគាំទ្រពីបណ្ដាមេដឹកនាំប្រចាំរដ្ឋ ដើម្បីឲ្យមានចំណាត់ការបែបនេះ និងដោះស្រាយបណ្តឹងរបស់អាជ្ញាធរមូលដ្ឋាន ដែលថា ថវិកាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ មានបន្ទុកធ្ងន់ធ្ងរពេក។
បន្ទាប់ពីបានពិពណ៌នាកិច្ចព្រមព្រៀងនេះថា ជា «ពេលវេលាប្រវត្តិសាស្ត្រ» លោក Scholz បាននិយាយថា៖ «គោលដៅរួមរបស់យើង គឺដើម្បីទប់ស្កាត់ទេសន្តរប្រវេសន៍មិនទៀងទាត់»៕

