ភ្នំពេញ ៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ Tongji ដឹកនាំដោយលោក CHEN Yili ប្រធានការិយាល័យនិស្សិតអន្តរជាតិ ក្នុងឱកាសដែលគណៈប្រតិភូនៃសាកលវិទ្យាល័យមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
មុនចាប់ផ្ដើមជំនួប គណៈប្រតិភូ នៃសាកលវិទ្យាល័យក៏បានអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការ សមាគម អ.ម.ត ប្រកបដោយភាពស្និទ្ធស្នាល។ នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ឡាវ វ៉ាន់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំការថ្លែងអំណរគុណពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម អ.ម.ត ដល់សាកលវិទ្យាល័យ ដែលបានបណ្ដុះបណ្ដាល និងយកចិត្តទុកដាក់ដល់និស្សិត អ.ម.ត និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tongji។
នាឱកាសនោះ លោក CHEN Yili បានបញ្ជាក់ថា ទស្សនកិច្ចនៅសមាគម អ.ម.ត លើកនេះ ធ្វើឡើងតាមការសន្យា ដែលភាគីទាំងពីរ បានឯកភាពគ្នាក្នុងឱកាសបេសកកម្មរបស់ក្រុមការងារ អ.ម.ត ចិន នៅទីក្រុងសៀងហៃ កាលពីខែមីនា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសន្ទនាជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសមាគម អ.ម.ត និងសាកលវិទ្យាល័យ Tongji លើកិច្ចការអាហារូបករណ៍ និងកិច្ចការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ ដែលជាតម្រូវការអាទិភាពរបស់កម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕ អត្ថបទ៖ រដ្ឋា








