ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបិទខ្ទប់ផ្នែកខ្លះនៃភូមិចំនួន៤នៅក្នុងខណ្ឌពោធិ៍សែនជ័យឡើងវិញ ចាប់ពីថ្ងៃស្អែកនេះទៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ជាតំបន់លឿងទុំនូវផ្នែកខ្លះនៃភូមិចោមចៅ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ភូមិព្រៃព្រីងខាងជើង២ និងភូមិជម្ពូវ័ន២ នៅក្នុងសង្កាត់ចោមចៅទី៣ ជា«តំបន់លឿងទុំ»។
បើតាមសេចក្ដីសម្រេចនេះ វិធានការបិទខ្ទប់នេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោងសូន្យឈានចូលថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ។
នៅក្រោមវិធានការបិទខ្ទប់នេះ អាជ្ញាធររាជធានីភ្នំពេញសម្រេចហាមឃាត់ការធ្វើដំណើរចាកចេញពីលំនៅឋាន ឬទីស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋ។
ចំណែកឯសកម្មភាពខាងមុខរបរ ការងារ និងអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ ក៏ត្រូវបានហាមឃាត់ផងដែរ។
ទោះជាយ៉ាងណា សាលារាជធានីភ្នំពេញក៏បានផ្ដល់ការលើកលែងសម្រាប់ការធ្វើដំណើរមួយចំនួន និងសកម្មភាពអាជីវកម្ម ការងារ ឬមុខរបរមួយចំនួនផងដែរ។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្ដីសម្រេចនោះថា វិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បន្ទាប់ពីខណ្ឌពោធិ៍សែនជ័យ បានមើលឃើញកំណើនឡើងវិញនៃចំនួនពលរដ្ឋឆ្លងមេរោគកូវីដ-១៩រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
