ពលរដ្ឋភៀសខ្លួន នៃតំបន់ហ្កាហ្សា រាប់ពាន់នាក់ កំពុងជ្រកកោននៅក្រោមតង់ក្រណាត់បណ្តោះអាសន្នដ៏តូចចង្អៀតក្នុងចំណតរថយន្ត អ្នកខ្លះដេកតាមច្រករបៀង ឬនៅលើដី ដោយឆ្លងកាត់ជីវិតដ៏លំបាកនៅក្រោមជណ្តើរ ហើយកំពុងប្រមូលផ្ដុំគ្នានៅគ្រប់ទីកន្លែងនៅមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) ដែលជាមន្ទីរពេទ្យដ៏ធំមួយក្នុងតំបន់នេះ។

មន្ទីរពេទ្យដ៏ធំនៅទីក្រុងហ្កាហ្សា មួយនេះ បានប្រែក្លាយទៅជាជម្រកដ៏ធំសម្រាប់ប្រជាជនដែលបាត់បង់លំនៅឋានដោយសារការទម្លាក់គ្រាប់បែក ឬអ្នកដែលភ័យខ្លាចថាពួកគេនឹងក្លាយជាជនរងគ្រោះ នៅក្នុងការវាយលុករបស់យោធារបស់អ៊ីស្រាអែល លើតំបន់ ហ្កាហ្សា ស្រ្ទីប ដែលកំពុងឈានចូលដល់ខែទីពីរនៃសង្រ្គាមរបស់ខ្លួន។
កាលពីថ្ងៃអង្គារ គេឃើញមានហ្វូងមនុស្សជាច្រើនដេកនៅលើច្រករបៀងទាំងសងខាងមន្ទីរពេទ្យ ដោយបន្សល់ទុកតែកន្លែងចង្អៀតសម្រាប់ដើរ ហើយរបស់របរផ្ទាល់ខ្លួនរបស់ជនភៀសខ្លួនទាំងនោះត្រូវបានទុកនៅតាមជណ្តើរ និងនៅលើបង្អួច ព្រមទាំងគំនរថង់ជាច្រើន ដែលធ្វើឲ្យទីនោះប្រែក្លាយជាតូចចង្អៀតខ្លាំងដោយសារមនុស្សច្រើនលើសលប់ពេក។

សង្គ្រាមនេះបានបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ តុលា របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងមនុស្ស ២៤០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ថ្នូរ។
ជាការឆ្លើយតប អ៊ីស្រាអែលបានបង្កើនការវាយលុកតាមផ្លូវអាកាស សមុទ្រ និងដីគោក ប្រឆាំងនឹងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ១០.០០០នាក់ នៅតំបន់ឆ្នេរដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល នេះបើយោងតាមក្រុមមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា៕
