អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) លោក Jens Laerke បាននិយាយកាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) ថា សេវាកម្មនានានៅតំបន់ហ្កាហ្សា ជិតដល់ «ចំណុចទប់ទល់លែងបាន» ដោយគ្មានការផ្គត់ផ្គង់ប្រេងឥន្ធនៈ ហើយរហូតមកដល់ពេលនេះ មិនមានរថយន្តជំនួយណាមួយក្នុងចំណោមរថយន្តជំនួយចំនួន ៥៦៩គ្រឿង ដែលបានទៅដល់តំបន់ជុំវិញនោះ បានដឹកប្រេងដើម្បីផ្គត់ផ្គង់នោះទេ។

កាលពីសប្តាហ៍មុន ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយថា មាន «ការវិវត្តន៍ខ្លះ» ក្នុងការចរចាស្តីពីការអនុញ្ញាតឱ្យប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្កាហ្សា ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោក Christian Lindmeier បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីដដែលនោះ ដោយសំដៅលើការផ្គត់ផ្គង់ប្រេងឥន្ធនៈថា មូលដ្ឋានសង្រ្គោះកាន់តែច្រើន បានបិទដំណើរការ ព្រមទាំងជំនួយសង្រ្គោះជីវិតជាច្រើនក៏ជិតអស់ផងដែរ ហើយវេជ្ជបណ្ឌិតមួយចំនួនកំពុងធ្វើប្រតិបត្តិការសង្រ្គោះដោយមិនប្រើថ្នាំស្ពឹក។

អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ពលរដ្ឋភៀសខ្លួនហ្កាហ្សា ជាង ១២២.០០០នាក់កំពុងជ្រកកោននៅក្នុងមន្ទីរពេទ្យ ព្រះវិហារ និងអគារសាធារណៈផ្សេងៗទៀតនៅទូទាំងតំបន់ ជាមួយនឹងមនុស្សប្រមាណជាង ៨២៧.០០០នាក់កំពុងស្នាក់នៅក្នុងសាលារៀន ដោយសារតែការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលបង្កបានជាសង្រ្គាមដ៏តានតឹងរហូតមកដល់ពេលនេះ៕
