ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាពីអ៊ីស្រាអែលអំឡុងប្រតិបត្តិការលើតំបន់ហ្កាហ្សា បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន ខណៈមន្ទីរពេទ្យ និងសាលារៀននានា គ្រប់គ្រងដោយអង្គការសហប្រជាជាតិ ក៏ត្រូវបានខូចខាតដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងផងដែរ។
ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់មានជំរំជនភៀសខ្លួន អាល់ប៊ូរ៉េច(Al Bureij) ដែលជាជំរំតូចមួយក្នុងតំបន់ហ្កាហ្សា ផ្ដល់ជម្រកដល់ជនភៀសខ្លួនជាង ៤៣.០០០ នាក់លើផ្ទៃដីទំហំកន្លះគីឡូម៉ែត្រក្រឡា។ ដោយមានទីតាំងនៅជិតរបងព្រំដែនភាគខាងកើតជាមួយអ៊ីស្រាអែល វាបានក្លាយជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល។

កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកលើជំរំមួយនេះ ដែលបានបំផ្លិចបំផ្លាញទាំងស្រុង នៃប្លុកលំនៅដ្ឋានទាំងមូលចំនួន៣០ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ពីចំនួនអ្នកស្លាប់ចំនួន ២២នាក់ ខណៈរាប់សិបនាក់ទៀតនៅបាត់ខ្លួននៅក្រោមគំនរបែកបាក់។
ទោះបីជាការវាយប្រហារបានដាក់គោលដៅលើសាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិអំឡុងប្រតិបត្តិការរបស់អ៊ីស្រាអែលយ៉ាងណាក៏ដោយ ក៏គ្រួសារប៉ាឡេស្ទីននៅតែបន្តស្វែងរកទីជម្រកនៅក្នុងសាលារៀន ព្រោះគ្មានជម្រើស។
សាលាបឋមសិក្សាអាល់នូសេរ៉ាត់ ជ័ញ (Al-Nuseirat Joint ) ដែលមានទីតាំងនៅជំរំជនភៀសខ្លួន អាល់ នូសេរ៉ាត់ (Al-Nuseirat) គឺជាសាលាមួយគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលបានផ្តល់កន្លែងជ្រកកោន។ គ្រួសារជាច្រើនបានស្វែងរកទីជម្រកនៅទីនេះ បន្ទាប់ពីបានភៀសខ្លួនពីការបាញ់ផ្លោងលើសាលារៀនផ្សេងទៀត គ្រប់គ្រងដោយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ៕
