ចំនួនអ្នកជម្លៀសចេញពីតំបន់ហ្កាហ្សាស្ទ្រីបឆ្លងកាត់ប្រទេសអេហ្ស៊ីប បានកើនឡើង កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីច្រកព្រំដែនRafahនេះ ត្រូវបានបើកឡើងវិញ។
ប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០០នាក់ ដែលភាគច្រើនជាជនបរទេស ឬមានសញ្ជាតិពីរ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ បានឆ្លងកាត់តាមច្រកព្រំដែន Rafah ដែលជាច្រកឆ្លងកាត់តែមួយគត់ ដែលមិនជាប់ព្រំដែនអ៊ីស្រាអែល។

ការជម្លៀសចេញតាមច្រកឆ្លងកាត់នេះ ត្រូវបានផ្អាកកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងRafah។ ប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា អេហ្ស៊ីបកំពុងបន្តដាក់សម្ពាធឲ្យមានការបង្កើនជំនួយ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងសន្តិសុខសម្រាប់រថយន្តសង្គ្រោះ។
ក្រសួងការបរទេសរបស់ប្រទេសហ្ស៊កដានី បាននិយាយថា ជនជាតិហ្ស៊កដានីចំនួន ២៦២ នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃអង្គារ ក្នុងចំណោមចំនួនសរុប៥៦៩នាក់ ដែលបានជាប់គាំង នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមានការផ្ទុះការប្រយុទ្ធ នៅទីនោះ។
ប្រទេសកាណាដា បាននិយាយថា ពលរដ្ឋរបស់ខ្លួនចំនួន ៥៩នាក់ អ្នករស់នៅអចិន្ត្រៃយ៍ និងសមាជិកគ្រួសារ ត្រូវបានជម្លៀសចេញហើយ។
